គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 27:19-30 Khmer Standard Version (KHSV)

19. នៅ​ថ្ងៃ​ទី​បី សូម្បី​តែ​ពួក​អ្នក​សំពៅ ក៏​បោះ​គ្រឿង​ប្រដាប់​សំពៅ​ចោល​ដែរ។

20. យើង​មើល​ថ្ងៃ ឬ​ផ្កាយ​មិន​ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ដោយ​ខ្យល់​ព្យុះ​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល នៅ​ទី​បំផុត យើង​ក៏​លែង​មាន​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។

21. យើង​ពុំ​បាន​បរិភោគ​អ្វី​ជា​យូរ​ថ្ងៃ​មក​ហើយ។ លោក​ប៉ូល​ក៏​ក្រោក​ឈរ នៅ​កណ្ដាល​ចំណោម​អស់​អ្នក​ដែល​នៅ​ក្នុង​សំពៅ ហើយ​មាន​ប្រសាសន៍​ថា៖ «បើ​បង‌ប្អូន​ស្ដាប់​ខ្ញុំ ហើយ​មិន​ចាក​ចេញ​ពី​កោះ​ក្រែត​មក​ទេ​នោះ បង‌ប្អូន​ពិត​ជា​មិន​ត្រូវ​អន្តរាយ​ខូច​ខាត​ដូច្នេះ​ទេ។

22. ប៉ុន្តែ សូម​បង‌ប្អូន​កុំ​អស់​សង្ឃឹម​អី! គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​មាន​តែ​សំពៅ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អន្តរាយ។

23. ព្រោះ​ពី​យប់‌មិញ មាន​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ដែល​ខ្ញុំ​ជឿ និង​គោរព​បម្រើ បាន​មក​ជិត​ខ្ញុំ

24. ប្រាប់​ថា “ប៉ូល​អើយ កុំ​ខ្លាច​អី ដ្បិត​អ្នក​ត្រូវ​តែ​បាន​ទៅ​ឈរ​នៅ​មុខ​ព្រះ‌ចៅ​អធិ‌រាជ ហើយ​ដោយ​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​អ្នក ព្រះ‌អង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​អ្នក ឲ្យ​បាន​រួច​ជីវិត​ផង​ដែរ”។

25. ហេតុ​នេះ បង‌ប្អូន​អើយ ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង ដ្បិត​ខ្ញុំ​ជឿ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់​ថា នឹង​បាន​សម្រេច​ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មែន

26. គឺ​សំពៅ​យើង​នឹង​ត្រូវ​ទៅ​កឿង នៅ​កោះ​ណា​មួយ​ជា​មិន​ខាន»។

27. សំពៅ​យើង​បាន​រសាត់​អណ្ដែត​លើ​ផ្ទៃ​សមុទ្រ​អាឌ្រា អស់​រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ។ ពេល​នោះ ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ ពួក​អ្នក​សំពៅ​នឹក​សង្ស័យ​ថា ប្រហែល​ជា​មក​ជិត​ដល់​ដី​គោក​ហើយ។

28. គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ឃើញ​ថា​មាន​ជម្រៅ សាម‌សិប​ប្រាំ‌ពីរ​ម៉ែត្រ។ លុះ​ទៅ​មុខ​បន្តិច គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ម្ដង​ទៀត ឃើញ​ថា មាន​ជម្រៅ ម្ភៃ​ប្រាំ​បី​ម៉ែត្រ។

29. ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម ពួក​គេ​ទម្លាក់​យុថ្កា​បួន នៅ​ខាង​កន្សៃ ហើយ​ទន្ទឹង​រង់‌ចាំ​ភ្លឺ។

30. ពួក​អ្នក​សំពៅ​ចង់​រត់​ចោល​សំពៅ គេ​ក៏​នាំ​គ្នា​សម្រូត​សំប៉ាន​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​យក​លេស​ថា គេ​ចង់​ទាញ​យុថ្កា​ទៅ​ដាក់​នៅ​ខាង​ក្បាល​សំពៅ​វិញ។

សូមអានជំពូកពេញលេញ កិច្ចការ 27