គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 26:4-13 Khmer Standard Version (KHSV)

4. ជន‌ជាតិ​យូដា​ទាំង​មូល​ស្គាល់​ប្រវត្តិ​របស់​ទូលបង្គំ តាំង​ពី​ក្មេង​មក​ស្រាប់​ហើយ គេ​ក៏​ដឹង​ថា​តាំង​ពី​ដើម​មក ទូលបង្គំ​រស់​នៅ​កណ្ដាល​ចំណោម​ជន‌ជាតិ​របស់​ទូលបង្គំ និង​នៅ​ក្រុង​យេរូ‌សាឡឹម​របៀប​ណា​ដែរ។

5. គេ​បាន​ស្គាល់​ទូលបង្គំ តាំង​ពី​យូរ​មក​ហើយ ពី​ដើម ទូលបង្គំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី* ដែល​ជា​គណៈ​តឹង‌រ៉ឹង​ជាង​គេ​ក្នុង​សាសនា​របស់​យើង ប្រសិន​បើ​ពួក​គេ​ចង់ ពួក​គេ​អាច​ធ្វើ​ជា​សាក្សី​បាន។

6. ប៉ុន្តែ ឥឡូវ​នេះ គេ​យក​ទូលបង្គំ​មក​វិនិច្ឆ័យ​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​លើ​ព្រះ‌បន្ទូល ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស*​របស់​យើង។

7. កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ​របស់​យើង​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ ទាំង​យប់ ទាំង​ថ្ងៃ ឥត​ឈប់​ឈរ ដោយ​សង្ឃឹម​ថា ព្រះ‌បន្ទូល​សន្យា​នោះ​នឹង​បាន​សម្រេច។ បពិត្រ​ព្រះ‌រាជា ជន‌ជាតិ​យូដា​បាន​ចោទ​ប្រកាន់​ទូលបង្គំ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ហើយ។

8. ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អស់ លោក​យល់​ថា ការ​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​រស់​ឡើង​វិញ ជា​ការ​មួយ​មិន​គួរ​ឲ្យ​ជឿ​ដូច្នេះ!

9. ចំណែក​ឯ​ទូលបង្គំ​ផ្ទាល់ ពី​ដើម ទូលបង្គំ​យល់​ឃើញ​ថា ត្រូវ​តែ​ប្រឆាំង​នឹង​ព្រះ‌នាម​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​គ្រប់​យ៉ាង​ទាំង​អស់

10. ហើយ​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច្នេះ នៅ​ក្រុង​យេរូ‌សាឡឹម​មែន គឺ​ទូលបង្គំ​បាន​ទទួល​ច្បាប់​អនុញ្ញាត​ពី​ក្រុម​នាយក​បូជា‌ចារ្យ* ដើម្បី​ចាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អម្ចាស់​ជា​ច្រើន​នាក់​យក​ទៅ​ឃុំ‌ឃាំង។ នៅ​ពេល​គេ​សម្លាប់​អ្នក​ទាំង​នោះ ទូលបង្គំ​ក៏​យល់​ស្រប​ជា​មួយ​ដែរ។

11. ទូលបង្គំ​តែង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​នានា​ជា​ញឹក​ញាប់ ដើម្បី​ធ្វើ​ទុក្ខ​ទោស​អ្នក​ទាំង​នោះ បង្ខំ​ឲ្យ​គេ​លះ‌បង់​ចោល​ជំនឿ​របស់​ខ្លួន។ ទូលបង្គំ​ខឹង​គេ​ជា​ខ្លាំង​ពន់​ពេក រហូត​ដល់​ទៅ​តាម​បៀត‌បៀន​គេ​ក្នុង​ក្រុង​នានា នៅ​បរទេស​ផង។

12. ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស ទាំង​ទទួល​អំណាច និង​ការ​អនុញ្ញាត​ពី​ក្រុម​នាយក​បូជា‌ចារ្យ។

13. បពិត្រ​ព្រះ‌រាជា នៅ​តាម​ផ្លូវ ប្រមាណ​ជា​ថ្ងៃ​ត្រង់ ទូលបង្គំ​បាន​ឃើញ​ពន្លឺ​មួយ​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ទៅ​ទៀត ចាំង​ពី​លើ​មេឃ​មក​លើ​ទូលបង្គំ និង​លើ​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​ទូលបង្គំ។

សូមអានជំពូកពេញលេញ កិច្ចការ 26