គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 26:15-25 Khmer Standard Version (KHSV)

15. ទូលបង្គំ​បាន​តប​ទៅ​វិញ​ថា “លោក​ម្ចាស់​អើយ តើ​លោក​ជា​នរណា?”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​វិញ​ថា “ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន។

16. ចូរ​ក្រោក​ឈរ​ឡើង ខ្ញុំ​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ឃើញ មក​ពី​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​ឲ្យ​បម្រើ ព្រម​ទាំង​ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​ដែល​ខ្ញុំ​បង្ហាញ​ឲ្យ​អ្នក​ឃើញ នៅ​ពេល​នេះ និង​ហេតុ‌ការណ៍​ឯ​ទៀតៗ ដែល​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​ពេល​ខាង​មុខ។

17. ខ្ញុំ​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​សាសន៍​អ៊ីស្រា‌អែល និង​សាសន៍​ដទៃ។ ខ្ញុំ​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ទាំង​នោះ

18. ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​មារ*​សាតាំង បែរ​មក​រក​ព្រះ‌ជាម្ចាស់​វិញ ព្រម​ទាំង​ទទួល​ការ​អត់‌ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​បាន​វិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។

19. បពិត្រ​ព្រះ‌រាជា ទូលបង្គំ​ពុំ​បាន​ជំទាស់​នឹង​ការ​អស្ចារ្យ​ដែល​ទូលបង្គំ​និមិត្ត​ឃើញ​នោះ​ឡើយ។

20. ទូលបង្គំ​បាន​ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​ដាម៉ាស​មុន​គេ​បង្អស់ បន្ទាប់​មក ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្រុក​យូដា​ទាំង​មូល ហើយ​ប្រាប់​សាសន៍​ដទៃ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត និង​បែរ​មក​រក​ព្រះ‌ជាម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​បញ្ជាក់​ថា គេ​ពិត​ជា​កែ​ប្រែ​ចិត្ត​គំនិត​មែន។

21. មក​ពី​ហេតុ​នេះ​ហើយ​បាន​ជា​សាសន៍​យូដា​នាំ​គ្នា​ចាប់​ទូលបង្គំ​នៅ​ក្នុង​ព្រះ‌វិហារ* ព្រម​ទាំង​ប៉ុន‌ប៉ង​ប្រហារ​ជីវិត​ទូលបង្គំ​ផង។

22. ប៉ុន្តែ ដោយ​ព្រះ‌ជាម្ចាស់​ការពារ​ទូលបង្គំ​រហូត​មក​ទល់​ថ្ងៃ​នេះ បាន​ជា​ទូលបង្គំ​នៅ​តែ​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​អ្នក​តូច​អ្នក​ធំ។ ទូលបង្គំ​ពុំ​បាន​និយាយ​អ្វី​ក្រៅ​ពី​សេចក្ដី​ដែល​ពួក​ព្យាការី* និង​លោក​ម៉ូសេ បាន​ថ្លែង​ទុក​អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​មាន​នោះ​ឡើយ

23. ពោល​គឺ​ព្រះ‌គ្រិស្ដ*​បាន​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ទ្រង់​នឹង​ប្រទាន​ដំណឹង​អំពី​ពន្លឺ​នៃ​ការ​សង្គ្រោះ ប្រាប់​សាសន៍​អ៊ីស្រា‌អែល និង​សាសន៍​ដទៃ»។

24. កាល​លោក​ប៉ូល​កំពុង​មាន​ប្រសាសន៍​ការពារ​ខ្លួន​ដូច្នេះ លោក​ភេស្ទុស​ក៏​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ថា៖ «ប៉ូល​អើយ អ្នក​វង្វេង​ស្មារតី​ហើយ! គឺ​អ្នក​រៀន​សូត្រ​ច្រើន​ពេក បាន​ជា​ត្រឡប់​ទៅ​ជា​វង្វេង​ស្មារតី​ដូច្នេះ!»។

25. លោក​ប៉ូល​តប​វិញ​ថា៖ «សូម​ជម្រាប​ឯក‌ឧត្ដម​ភេស្ទុស ខ្ញុំ​បាទ​មិន​មែន​វង្វេង​ស្មារតី​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាទ​និយាយ​តែ​ពាក្យ​ពិត មាន​ន័យ​ត្រឹម​ត្រូវ។

សូមអានជំពូកពេញលេញ កិច្ចការ 26