គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 26:13-22 Khmer Standard Version (KHSV)

13. បពិត្រ​ព្រះ‌រាជា នៅ​តាម​ផ្លូវ ប្រមាណ​ជា​ថ្ងៃ​ត្រង់ ទូលបង្គំ​បាន​ឃើញ​ពន្លឺ​មួយ​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ទៅ​ទៀត ចាំង​ពី​លើ​មេឃ​មក​លើ​ទូលបង្គំ និង​លើ​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​ទូលបង្គំ។

14. ពេល​នោះ យើង​ខ្ញុំ​ដួល​ទាំង​អស់​គ្នា ហើយ​ទូលបង្គំ​បាន​ឮ​សំឡេង​ពោល​មក​កាន់​ទូលបង្គំ​ជា​ភាសា​ហេប្រឺ​ថា “សូល សូល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ? អ្នក​ខំ​ប្រឹង​តយុទ្ធ​នឹង​ខ្ញុំ ដូច​គោ​ជល់​នឹង​ជន្លួញ​ដូច្នេះ​មិន​កើត​ទេ”។

15. ទូលបង្គំ​បាន​តប​ទៅ​វិញ​ថា “លោក​ម្ចាស់​អើយ តើ​លោក​ជា​នរណា?”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​វិញ​ថា “ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន។

16. ចូរ​ក្រោក​ឈរ​ឡើង ខ្ញុំ​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ឃើញ មក​ពី​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​ឲ្យ​បម្រើ ព្រម​ទាំង​ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​ដែល​ខ្ញុំ​បង្ហាញ​ឲ្យ​អ្នក​ឃើញ នៅ​ពេល​នេះ និង​ហេតុ‌ការណ៍​ឯ​ទៀតៗ ដែល​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​ពេល​ខាង​មុខ។

17. ខ្ញុំ​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​សាសន៍​អ៊ីស្រា‌អែល និង​សាសន៍​ដទៃ។ ខ្ញុំ​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ទាំង​នោះ

18. ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​មារ*​សាតាំង បែរ​មក​រក​ព្រះ‌ជាម្ចាស់​វិញ ព្រម​ទាំង​ទទួល​ការ​អត់‌ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​បាន​វិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។

19. បពិត្រ​ព្រះ‌រាជា ទូលបង្គំ​ពុំ​បាន​ជំទាស់​នឹង​ការ​អស្ចារ្យ​ដែល​ទូលបង្គំ​និមិត្ត​ឃើញ​នោះ​ឡើយ។

20. ទូលបង្គំ​បាន​ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​ដាម៉ាស​មុន​គេ​បង្អស់ បន្ទាប់​មក ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្រុក​យូដា​ទាំង​មូល ហើយ​ប្រាប់​សាសន៍​ដទៃ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត និង​បែរ​មក​រក​ព្រះ‌ជាម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​បញ្ជាក់​ថា គេ​ពិត​ជា​កែ​ប្រែ​ចិត្ត​គំនិត​មែន។

21. មក​ពី​ហេតុ​នេះ​ហើយ​បាន​ជា​សាសន៍​យូដា​នាំ​គ្នា​ចាប់​ទូលបង្គំ​នៅ​ក្នុង​ព្រះ‌វិហារ* ព្រម​ទាំង​ប៉ុន‌ប៉ង​ប្រហារ​ជីវិត​ទូលបង្គំ​ផង។

22. ប៉ុន្តែ ដោយ​ព្រះ‌ជាម្ចាស់​ការពារ​ទូលបង្គំ​រហូត​មក​ទល់​ថ្ងៃ​នេះ បាន​ជា​ទូលបង្គំ​នៅ​តែ​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​អ្នក​តូច​អ្នក​ធំ។ ទូលបង្គំ​ពុំ​បាន​និយាយ​អ្វី​ក្រៅ​ពី​សេចក្ដី​ដែល​ពួក​ព្យាការី* និង​លោក​ម៉ូសេ បាន​ថ្លែង​ទុក​អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​មាន​នោះ​ឡើយ

សូមអានជំពូកពេញលេញ កិច្ចការ 26