គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 25:12-22 Khmer Standard Version (KHSV)

12. លោក​ភេស្ទុស​ពិភាក្សា​ជា​មួយ​ក្រុម​ប្រឹក្សា ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​បាន​សុំ​ឡើង​ទៅ​ព្រះចៅ​អធិ‌រាជ ដូច្នេះ អ្នក​នឹង​ទៅ​ជួប​ព្រះចៅ​អធិ‌រាជ!»។

13. ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត ព្រះ‌បាទ​អគ្រី‌ប៉ា និង​ម្ចាស់​ក្សត្រីយ៍​បេរេ‌នីស យាង​មក​ដល់​ក្រុង​សេសារា ដើម្បី​សួរ​សុខ​ទុក្ខ​លោក​ភេស្ទុស។

14. ដោយ​ស្ដេច​គង់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ លោក​ភេស្ទុស​ក៏​ទូល​ស្ដេច​ពី​រឿង​លោក​ប៉ូល​ថា៖ «លោក​ភេលិច​បាន​ទុក​បុរស​ម្នាក់ នៅ​ក្នុង​ទី​ឃុំ‌ឃាំង។

15. កាល​ទូលបង្គំ​ទៅ​ក្រុង​យេរូ‌សាឡឹម ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​នៃ​សាសន៍​យូដា​បាន​នាំ​គ្នា​ប្ដឹង​ពី​គាត់ ដោយ​សុំ​ឲ្យ​ទូលបង្គំ​កាត់​ទោស​គាត់។

16. ទូលបង្គំ​បាន​ប្រាប់​លោក​ទាំង​នោះ​វិញ​ថា ជន‌ជាតិ​រ៉ូម៉ាំង​ពុំ​ធ្លាប់​បញ្ជូន​នរណា​ម្នាក់​ទៅ​ឲ្យ​គេ​សម្លាប់ ដោយ​មិន​បាន​ឲ្យ​និយាយ​តទល់​ជា​មួយ​អ្នក​ដើម​ចោទ ព្រម​ទាំង​ឆ្លើយ​ការពារ​ខ្លួន​ចំពោះ​ពាក្យ​ចោទ​ជា​មុន​សិន​នោះ​ឡើយ។

17. លោក​ទាំង​នោះ​នាំ​គ្នា​មក​ទី​នេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ទូលបង្គំ​បាន​អង្គុយ​នៅ​ទី​កាត់​ក្ដី និង​ឲ្យ​គេ​នាំ​បុរស​នោះ​មក ឥត​បង្អង់​ឡើយ។

18. ពួក​ដើម​ចោទ​ក៏​នៅ​ទី​កាត់​ក្ដី​ដែរ តែ​គេ​ពុំ​បាន​ចោទ​គាត់​ពី​អំពើ​អាក្រក់​ណា​មួយ ដូច​ទូលបង្គំ​នឹក​ស្មាន​នោះ​ទេ

19. គឺ​មាន​តែ​ជជែក​វែក‌ញែក​អំពី​រឿង​សាសនា​របស់​គេ និង​អំពី​បុរស​ម្នាក់​ឈ្មោះ​យេស៊ូ ដែល​បាន​ស្លាប់ ហើយ​លោក​ប៉ូល​ថា នៅ​មាន​ជីវិត​រស់​នោះ​តែ​ប៉ុណ្ណោះ។

20. ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច ចំពោះ​ការ​ជជែក​វែក​ញែក​បែប​នេះ ទូលបង្គំ​បាន​សួរ​គាត់​ថា ចង់​ទៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​គេ​កាត់​ក្ដី​អំពី​រឿង​ទាំង​នេះ​ឬ​ទេ

21. តែ​លោក​ប៉ូល​បាន​សុំ​ឡើង​ទៅ​ព្រះ‌មហា‌ក្សត្រា‌ធិរាជ ដើម្បី​សុំ​ឲ្យ​ព្រះ‌អង្គ​កាត់​ក្ដី។ ទូលបង្គំ​ចេញ​បញ្ជា​ឲ្យ​គេ​ឃុំ​គាត់​ទុក រហូត​ដល់​ពេល​ទូលបង្គំ​នឹង​បញ្ជូន​គាត់​ទៅ​ព្រះចៅ​អធិ‌រាជ»។

22. ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ភេស្ទុស​ថា៖ «ខ្ញុំ​ក៏​ចង់​ស្ដាប់​បុរស​នោះ​និយាយ​ដែរ»។ លោក​តប​វិញ​ថា៖ «ព្រះ‌ករុណា​អាច​ស្ដាប់​គាត់​នៅ​ថ្ងៃ​ស្អែក»។

សូមអានជំពូកពេញលេញ កិច្ចការ 25