គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 24:13-27 Khmer Standard Version (KHSV)

13. អស់​លោក​ទាំង​នេះ​គ្មាន​ភស្ដុតាង​អ្វី មក​បញ្ជាក់​ពាក្យ​ចោទ​ប្រកាន់​របស់​ខ្លួន ជូន​ឯក‌ឧត្ដម​ទាល់​តែ​សោះ។

14. ប៉ុន្តែ ខ្ញុំ​បាទ​សូម​ជម្រាប​ឯក‌ឧត្ដម​ថា ខ្ញុំ​បាទ​គោរព​ប្រណិ‌ប័តន៍​ព្រះ​នៃ​បុព្វបុរស*​ខ្ញុំ​បាទ​តាម​មាគ៌ា​មួយ ដែល​លោក​ទាំង​នេះ​ចោទ​ថា​ជា​គណៈ​ខុស​ឆ្គង។ ខ្ញុំ​បាទ​ជឿ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី*

15. ហើយ​ខ្ញុំ​បាទ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ដូច​លោក​ទាំង​នេះ​ដែរ​ថា ព្រះ‌អង្គ​នឹង​ប្រោស​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ឲ្យ​រស់​ឡើង​វិញ។

16. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ចិត្ត​ស្អាត​បរិសុទ្ធ*​គ្រប់​ចំពូក​ចំពោះ​ព្រះ‌ជាម្ចាស់ និង​ចំពោះ​មនុស្ស​លោក។

17. ខ្ញុំ​បាទ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ឆ្នាំ ហើយ​ខ្ញុំ​បាទ​វិល​ត្រឡប់​មក​វិញ ដើម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្ញុំ​បាទ និង​ថ្វាយ​តង្វាយ​ទៅ​ព្រះ‌ជាម្ចាស់​ផង។

18. នៅ​ពេល​នោះ ពួក​គេ​ឃើញ​ខ្ញុំ​បាទ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​នៅ​ក្នុង​ព្រះ‌វិហារ តែ​ឥត​មាន​ការ​ប្រជុំ​បណ្ដា‌ជន ឬ​កើត​វឹក‌វរ​អ្វី​ឡើយ។

19. ប៉ុន្តែ មាន​សាសន៍​យូដា​ខ្លះ​មក​ពី​ស្រុក​អាស៊ី នៅ​ក្នុង​ព្រះ‌វិហារ​ពេល​នោះ​ដែរ គឺ​អ្នក​ទាំង​នោះ​ទេ​តើ​ដែល​សម​នឹង​មក​ជួប​ឯក‌ឧត្ដម ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​បាទ ប្រសិន​បើ​គេ​មាន​រឿង​ហេតុ​ណា​មួយ​ទាស់​នឹង​ខ្ញុំ​បាទ។

20. ខ្ញុំ​បាទ​ឈរ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ស្រាប់​ហើយ បើ​អស់​លោក​ដែល​នៅ​ទី​នេះ​បាន​ឃើញ​ខ្ញុំ​បាទ​មាន​ទោស​អ្វី សូម​ថា​មក​ចុះ

21. លើក‌លែង​តែ​ពាក្យ​ដែល​ខ្ញុំ​បាទ​បាន​និយាយ​យ៉ាង​ខ្លាំងៗ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ថា “បង‌ប្អូន​យក​ខ្ញុំ​មក​កាត់​ទោស​នៅ​ថ្ងៃ​នេះ ព្រោះ​តែ​ខ្ញុំ​ជឿ​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ”»។

22. លោក​ភេលិច​ក៏​បាន​ជ្រាប​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​ព្រះ‌អម្ចាស់​ដែរ។ លោក​ប្រាប់​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​វិញ ដោយ​ពោល​ថា៖ «ពេល​លោក​មេ‌បញ្ជា‌ការ​លូស៊ា​មក​ដល់ ខ្ញុំ​នឹង​វិនិច្ឆ័យ​សំណុំ​រឿង​របស់​អស់​លោក»។

23. លោក​បញ្ជា​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ តែ​លោក​ទុក​ឲ្យ​លោក​ប៉ូល មាន​សេរី‌ភាព​ខ្លះៗ​ដែរ ព្រម​ទាំង​បើក​ឲ្យ​អ្នក​ជិត‌ដិត​នឹង​លោក​ប៉ូល​ចូល​ទៅ​ជួយ​ទំនុក​បម្រុង​លោក​ថែម​ទៀត​ផង។

24. ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ភេលិច​បាន​មក​ជា​មួយ​ភរិយា​របស់​លោក គឺ​ម្ចាស់‌ក្សត្រីយ៍​ទ្រូស៊ីល​ជា​ជន‌ជាតិ​យូដា លោក​ឲ្យ​គេ​ទៅ​ហៅ​លោក​ប៉ូល​មក ហើយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​អំពី​ជំនឿ​លើ​ព្រះ‌គ្រិស្ដ‌យេស៊ូ។

25. ប៉ុន្តែ កាល​លោក​ប៉ូល​វែក‌ញែក​អំពី​សេចក្ដី​សុចរិត* អំពី​ការ​ទប់​ចិត្ត​នឹង​តណ្ហា និង​អំពី​ការ​វិនិច្ឆ័យ​ទោស​នៅ​អនាគត​កាល លោក​ភេលិច​ក៏​ភ័យ ហើយ​ពោល​ទៅ​លោក​ប៉ូល​ថា៖ «ឥឡូវ​នេះ ចូរ​អ្នក​ត្រឡប់​ទៅ​វិញ​សិន​ចុះ កាល​ណា​ខ្ញុំ​មាន​ពេល ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត!»។

26. លោក​ភេលិច​សង្ឃឹម​ថា​នឹង​បាន​ទទួល​ប្រាក់​ពី​លោក​ប៉ូល ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ប៉ូល មក​សន្ទនា​ជា​មួយ​ជា​រឿយៗ។

27. ពីរ​ឆ្នាំ​ក្រោយ​មក លោក​ពរគាស-‌ភេស្ទុស ចូល​កាន់​តំណែង​ជំនួស​លោក​ភេលិច។ ដោយ​លោក​ភេលិច​ចង់​យក​ចិត្ត​សាសន៍​យូដា លោក​បាន​ទុក​លោក​ប៉ូល​ឲ្យ​នៅ​ជាប់​ឃុំ‌ឃាំង​ដដែល។

សូមអានជំពូកពេញលេញ កិច្ចការ 24