11. ខ្ញុំបាទបានធ្វើដំណើរទៅថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម កាលដប់ពីរថ្ងៃកន្លងទៅនេះ សូមឯកឧត្ដមស៊ើបសួរមើលចុះ
12. ទោះបីនៅក្នុងព្រះវិហារក្ដី នៅក្នុងសាលាប្រជុំ ឬនៅក្នុងទីក្រុងក្ដី គ្មាននរណាម្នាក់បានឃើញខ្ញុំបាទជជែកវែកញែកជាមួយគេ ឬក៏បង្កឲ្យមានចលាចលក្នុងចំណោមបណ្ដាជនឡើយ។
13. អស់លោកទាំងនេះគ្មានភស្ដុតាងអ្វី មកបញ្ជាក់ពាក្យចោទប្រកាន់របស់ខ្លួន ជូនឯកឧត្ដមទាល់តែសោះ។
14. ប៉ុន្តែ ខ្ញុំបាទសូមជម្រាបឯកឧត្ដមថា ខ្ញុំបាទគោរពប្រណិប័តន៍ព្រះនៃបុព្វបុរស*ខ្ញុំបាទតាមមាគ៌ាមួយ ដែលលោកទាំងនេះចោទថាជាគណៈខុសឆ្គង។ ខ្ញុំបាទជឿសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យ និងគម្ពីរព្យាការី*
15. ហើយខ្ញុំបាទសង្ឃឹមលើព្រះជាម្ចាស់ ដូចលោកទាំងនេះដែរថា ព្រះអង្គនឹងប្រោសទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតឲ្យរស់ឡើងវិញ។
16. ហេតុនេះហើយបានជាខ្ញុំបាទខំប្រឹងធ្វើយ៉ាងណា ឲ្យមានចិត្តស្អាតបរិសុទ្ធ*គ្រប់ចំពូកចំពោះព្រះជាម្ចាស់ និងចំពោះមនុស្សលោក។
17. ខ្ញុំបាទបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំបាទវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំបាទ និងថ្វាយតង្វាយទៅព្រះជាម្ចាស់ផង។
18. នៅពេលនោះ ពួកគេឃើញខ្ញុំបាទធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធនៅក្នុងព្រះវិហារ តែឥតមានការប្រជុំបណ្ដាជន ឬកើតវឹកវរអ្វីឡើយ។
19. ប៉ុន្តែ មានសាសន៍យូដាខ្លះមកពីស្រុកអាស៊ី នៅក្នុងព្រះវិហារពេលនោះដែរ គឺអ្នកទាំងនោះទេតើដែលសមនឹងមកជួបឯកឧត្ដម ដើម្បីចោទប្រកាន់ខ្ញុំបាទ ប្រសិនបើគេមានរឿងហេតុណាមួយទាស់នឹងខ្ញុំបាទ។