គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 24:1-11 Khmer Standard Version (KHSV)

1. ប្រាំ​ថ្ងៃ​ក្រោយ​មក លោក​មហា​បូជា‌ចារ្យ​អាណា‌ណាស និង​ពួក​ព្រឹទ្ធា‌ចារ្យ*​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​មក​ដល់ មាន​ទាំង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូ‌លុស មក​ជា​មួយ​ផង។ ពួក​គេ​បាន​ប្ដឹង​ទៅ​លោក​ទេសា‌ភិបាល ចោទ​ប្រកាន់​លោក​ប៉ូល។

2. គេ​ហៅ​លោក​ប៉ូល​មក ហើយ​លោក​ទើទូ‌លុស​ចោទ​ប្រកាន់​លោក ដូច​ត​ទៅ​នេះ៖«សូម​គោរព​ឯក‌ឧត្ដម​ភេលិច សូម​ទាន​ជ្រាប ដោយ‌សារ​តែ​ឯក‌ឧត្ដម និង​ដោយ​ការ​កែ​ទម្រង់​ផ្សេងៗ ដែល​ឯក‌ឧត្ដម​បាន​ធ្វើ​ជា​ប្រយោជន៍​ដល់​ប្រជា‌ជាតិ​នេះ យើង​ខ្ញុំ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​គ្រប់​យ៉ាង ក្រោម​ការ​គ្រប់‌គ្រង​ដ៏​ប៉ិន‌ប្រសប់​របស់​ឯក‌ឧត្ដម។

3. យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាល‌ជ្រៅ​ចំពោះ​ឯក‌ឧត្ដម ដែល​បាន​ប្រទាន​អ្វីៗ​នៅ​គ្រប់​ទី​កន្លែង និង​គ្រប់​ពេល​វេលា​មក​យើង​ខ្ញុំ។

4. ប៉ុន្តែ ខ្ញុំ​បាទ​មិន​ចង់​រំខាន​ឯក‌ឧត្ដម​វែង​ឆ្ងាយ​ទៀត​ទេ ខ្ញុំ​បាទ​គ្រាន់​តែ​អង្វរ​ឯក‌ឧត្ដម សូម​មេត្តា​ស្ដាប់​យើង​ខ្ញុំ​តែ​បន្តិច​ប៉ុណ្ណោះ។

5. យើង​ខ្ញុំ​យល់​ឃើញ​ថា ជន​នេះ​ជា​មនុស្ស​ចង្រៃ​ឧត្បាត បង្ក​ឲ្យ​កើត​ចលាចល​ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ទាំង​អស់​នៅ​លើ​ពិភព​លោក​ទាំង​មូល គាត់​ជា​មេ​ដឹក​នាំ​ពួក​ខាង​គណៈ​ណាសា‌រ៉ែត។

6. គាត់​ថែម​ទាំង​បាន​បន្តុះ‌បង្អាប់​ព្រះ‌វិហារ*​ទៀត​ផង ហេតុ​នេះ​បាន​ជា​យើង​ខ្ញុំ​ចាប់​គាត់ យើង​ខ្ញុំ​ចង់​កាត់​ទោស​គាត់​តាម​ក្រឹត្យ‌វិន័យ​របស់​យើង​ខ្ញុំ

7. ប៉ុន្តែ លោក​មេ‌បញ្ជា‌ការ​លូស៊ា​បាន​ប្រើ​កម្លាំង ធ្វើ​អន្តរា‌គមន៍​យ៉ាង​ខ្លាំង​ដណ្ដើម​យក​គាត់​ពី​យើង​ខ្ញុំ

8. ហើយ​បាន​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ជន​នេះ​មក​ជួប​ឯក‌ឧត្ដម។ សូម​ឯក‌ឧត្ដម​សួរ​គាត់​ផ្ទាល់​តែ​ម្ដង​ទៅ ឯក‌ឧត្ដម​មុខ​ជា​ជ្រាប​មូល​ហេតុ​ទាំង​អស់ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់​នោះ​មិន​ខាន»។

9. ជន‌ជាតិ​យូដា​បាន​គាំទ្រ​ពាក្យ​ចោទ​ប្រកាន់​នេះ និង​បញ្ជាក់​ថា​ពិត​ជា​ត្រឹម​ត្រូវ​មែន។

10. ពេល​នោះ លោក​ទេសា‌ភិបាល​បាន​ធ្វើ​សញ្ញា​ឲ្យ​លោក​ប៉ូល​មាន​ប្រសាសន៍ លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាទ​ដឹង​ថា​ឯក‌ឧត្ដម​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នេះ ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ ខ្ញុំ​បាទ​សូម​ឆ្លើយ​ការពារ​ខ្លួន ទាំង​ទុក​ចិត្ត។

11. ខ្ញុំ​បាទ​បាន​ធ្វើ​ដំណើរ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម កាល​ដប់‌ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ សូម​ឯក‌ឧត្ដម​ស៊ើប‌សួរ​មើល​ចុះ

សូមអានជំពូកពេញលេញ កិច្ចការ 24