គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 23:5-18 Khmer Standard Version (KHSV)

5. លោក​ប៉ូល​តប​វិញ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​និយាយ​ដូច្នេះ មក​ពី​ខ្ញុំ​មិន​បាន​ដឹង​ថា​លោក​ជា​មហា​បូជា‌ចារ្យ​ទេ ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា: “អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ដឹក​នាំ​ប្រជា‌ជាតិ​របស់​អ្នក​ឡើយ”»។

6. ដោយ​លោក​ប៉ូល​ជ្រាប​ថា នៅ​ក្នុង​អង្គ​ប្រជុំ មាន​មួយ​ផ្នែក​ជា​អ្នក​ខាង​គណៈ‌សាឌូ‌ស៊ី* និង​មួយ​ផ្នែក​ទៀត​ខាង​គណៈ‌ផារីស៊ី* លោក​ក៏​មាន​ប្រសាសន៍​ខ្លាំងៗ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី ហើយ​ឪពុក​ខ្ញុំ​ក៏​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី​ដែរ។ គេ​យក​ខ្ញុំ​មក​កាត់​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​យើង​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។

7. លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី* ឈ្លោះ​ប្រកែក​គ្នា​ធ្វើ​ឲ្យ​បាក់​បែក​អង្គ​ប្រជុំ។

8. ពួក​ខាង​គណៈ‌សាឌូ‌ស៊ី​ពុំ​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ និង​ពុំ​ជឿ​ថា មាន​ទេវតា* ឬ​មាន​អារក្ស​ទេ រីឯ​ពួក​ខាង​គណៈ‌ផារីស៊ី​វិញ គេ​ជឿ​ថា​មាន​ទាំង​អស់។

9. ពេល​នោះ គេ​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ទ្រហឹង​អឺង‌អាប់ ហើយ​អាចារ្យ​ខ្លះ​ពី​ខាង​គណៈ‌ផារីស៊ី​ក្រោក​ឡើង​ប្រកែក​តវ៉ា​យ៉ាង​ខ្លាំង​ថា៖ «យើង​ពុំ​ឃើញ​បុរស​នេះ​មាន​កំហុស​អ្វី​ឡើយ ប្រហែល​ជា​មាន​អារក្ស ឬ​ទេវតា*​ណា​មួយ​បាន​និយាយ​មក​កាន់​គាត់​ទេ​មើល​ទៅ!»។

10. ដោយ​ឃើញ​អង្គ​ប្រជុំ​ឈ្លោះ​ប្រកែក​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ លោក​មេ‌បញ្ជា‌ការ​ក៏​បញ្ជា​ឲ្យ​កង​ទាហាន​ចុះ​មក នាំ​លោក​ប៉ូល​ចេញ​ពី​កណ្ដាល​ចំណោម​ពួក​គេ ចូល​ទៅ​ក្នុង​បន្ទាយ ព្រោះ​គាត់​ខ្លាច​គេ​ហែក‌ហួរ​សម្លាប់​លោក។

11. នៅ​យប់​បន្ទាប់ ព្រះ‌អម្ចាស់​យាង​ចូល​មក​ជិត​លោក​ប៉ូល រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្លា‌ហាន​ឡើង! អ្នក​ត្រូវ​តែ​ផ្ដល់​សក្ខីភាព​នៅ​ក្រុង​រ៉ូម ដូច​អ្នក​បាន​ផ្ដល់​សក្ខីភាព​អំពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ដែរ»។

12. នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា ហើយ​ស្បថ‌ស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។

13. អស់​អ្នក​ដែល​បាន​ឃុប‌ឃិត​គ្នា​នេះ មាន​ចំនួន​ជាង​សែ‌សិប​នាក់។

14. គេ​បាន​នាំ​គ្នា​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ស្បថ‌ស្បែ​ថា​នឹង​មិន​ប៉ះ‌ពាល់​ម្ហូប​អាហារ​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​ប៉ូល​សិន​ទេ​នោះ។

15. ចំណែក​ខាង​អស់​លោក សូម​ចុះ​សំរុង​ជា​មួយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឥឡូវ​នេះ​ទៅ ហើយ​សុំ​ឲ្យ​លោក​មេ‌បញ្ជា‌ការ​នាំ​ប៉ូល​មក ធ្វើ​ហាក់​ដូច​ជា​អស់​លោក​ចង់​ពិនិត្យ‌ពិច័យ​មើល​សំណុំ​រឿង​របស់​គាត់ ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​សម្លាប់​គាត់​មុន​នឹង​គាត់​មក​ជិត​ដល់»។

16. ប៉ុន្តែ ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន​ដឹង​កល‌ល្បិច​នេះ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ជម្រាប​លោក​ប៉ូល​ឲ្យ​បាន​ជ្រាប។

17. លោក​ប៉ូល​ហៅ​នាយ​ទាហាន​ម្នាក់​មក​ប្រាប់​ថា៖ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេ‌បញ្ជា‌ការ​ទៅ ដ្បិត​គេ​មាន​រឿង​មួយ​ជម្រាប​លោក»។

18. នាយ​ទាហាន​នាំ​យុវជន​នោះ​ទៅ​ជួប​លោក​មេ‌បញ្ជា‌ការ ជម្រាប​ថា៖ «អ្នក​ទោស​ឈ្មោះ​ប៉ូល​បាន​ហៅ​ខ្ញុំ​បាទ ហើយ​សុំ​ឲ្យ​ខ្ញុំ​បាទ​នាំ​យុវជន នេះ​មក​ជួប​លោក ព្រោះ​គេ​មាន​រឿង​មួយ​ជម្រាប​លោក»។

សូមអានជំពូកពេញលេញ កិច្ចការ 23