គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 23:22-31 Khmer Standard Version (KHSV)

22. លោក​មេ‌បញ្ជា‌ការ​បាន​ឲ្យ​យុវជន​នោះ​ត្រឡប់​ទៅ​វិញ ទាំង​ផ្ដែ‌ផ្ដាំ​មិន​ឲ្យ​និយាយ​ប្រាប់​នរណា​ថា​ខ្លួន​បាន​ជម្រាប​គាត់​អំពី​រឿង​នេះ​ឡើយ។

23. បន្ទាប់​មក លោក​បាន​ហៅ​នាយ​ទាហាន​របស់​លោក ពីរ​រូប​មក​ប្រាប់​ថា៖ «សុំ​លោក​រៀបចំ​ពល​ថ្មើរ​ជើង​ពីរ​រយ​នាក់ ពល​សេះ​ចិត‌សិប​នាក់ និង​ពល​កាន់​លំពែង​ពីរ​រយ​នាក់ ដើម្បី​ចេញ​ដំណើរ​ទៅ​ក្រុង​សេសារា នៅ​វេលា​ម៉ោង​ប្រាំ​បួន​យប់។

24. សុំ​រៀបចំ​សេះ​ជា​ជំនិះ សម្រាប់​លោក​ប៉ូល​ផង ដើម្បី​នាំ​គាត់​ទៅ​ជួប​លោក​ទេសា‌ភិបាល​ភេលិច ដោយ​សុខ‌សាន្ត»។

25. លោក​មេ‌បញ្ជា‌ការ​បាន​សរសេរ​សំបុត្រ​មួយ ដូច​ត​ទៅ​នេះ៖

26. «ខ្ញុំ​បាទ​ឈ្មោះ​ក្លូឌាស លូស៊ា សូម​ជម្រាប​មក​ឯក‌ឧត្ដម​ភេលិច ជា​ទេសា‌ភិបាល សូម​ទាន​ជ្រាប។

27. ជន‌ជាតិ​យូដា​បាន​នាំ​គ្នា​ចាប់​បុរស​នេះ បម្រុង​នឹង​សម្លាប់​ចោល។ កាល​ខ្ញុំ​បាទ​ដឹង​ថា គាត់​ជា​ជន‌ជាតិ​រ៉ូម៉ាំង ខ្ញុំ​បាទ​ឲ្យ​ទាហាន​ទៅ​ធ្វើ​អន្តរា‌គមន៍​រំដោះ​គាត់​មក។

28. ដោយ​ខ្ញុំ​បាទ​ចង់​ដឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​គេ​ចោទ​ប្រកាន់​គាត់ ខ្ញុំ​បាទ​ក៏​នាំ​គាត់​ទៅ​ជួប​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​របស់​ពួក​គេ។

29. ខ្ញុំ​បាទ​បាន​ឃើញ​ថា ពួក​គេ​គ្រាន់​តែ​ចោទ​ប្រកាន់​គាត់ អំពី​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ធម៌​វិន័យ​របស់​គេ​ប៉ុណ្ណោះ គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ឃុំ‌ឃាំង​ឡើយ។

30. បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​បាទ​ថា ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​សម្លាប់​គាត់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​បញ្ជូន​គាត់​មក​ឯក‌ឧត្ដម​ភ្លាម ហើយ​ខ្ញុំ​បាទ​បាន​ប្រាប់​អស់​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ ឲ្យ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​ឯក‌ឧត្ដម​តែ​ម្ដង»។

31. ពួក​ទាហាន​យក​លោក​ប៉ូល​មក ហើយ​នាំ​ទៅ​ក្រុង​អាន់ទី‌ប៉ាទ្រីស​ទាំង​យប់ តាម​បញ្ជា​ដែល​គេ​បាន​ទទួល។

សូមអានជំពូកពេញលេញ កិច្ចការ 23