គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 23:14-22 Khmer Standard Version (KHSV)

14. គេ​បាន​នាំ​គ្នា​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ស្បថ‌ស្បែ​ថា​នឹង​មិន​ប៉ះ‌ពាល់​ម្ហូប​អាហារ​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​ប៉ូល​សិន​ទេ​នោះ។

15. ចំណែក​ខាង​អស់​លោក សូម​ចុះ​សំរុង​ជា​មួយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឥឡូវ​នេះ​ទៅ ហើយ​សុំ​ឲ្យ​លោក​មេ‌បញ្ជា‌ការ​នាំ​ប៉ូល​មក ធ្វើ​ហាក់​ដូច​ជា​អស់​លោក​ចង់​ពិនិត្យ‌ពិច័យ​មើល​សំណុំ​រឿង​របស់​គាត់ ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​សម្លាប់​គាត់​មុន​នឹង​គាត់​មក​ជិត​ដល់»។

16. ប៉ុន្តែ ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន​ដឹង​កល‌ល្បិច​នេះ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ជម្រាប​លោក​ប៉ូល​ឲ្យ​បាន​ជ្រាប។

17. លោក​ប៉ូល​ហៅ​នាយ​ទាហាន​ម្នាក់​មក​ប្រាប់​ថា៖ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេ‌បញ្ជា‌ការ​ទៅ ដ្បិត​គេ​មាន​រឿង​មួយ​ជម្រាប​លោក»។

18. នាយ​ទាហាន​នាំ​យុវជន​នោះ​ទៅ​ជួប​លោក​មេ‌បញ្ជា‌ការ ជម្រាប​ថា៖ «អ្នក​ទោស​ឈ្មោះ​ប៉ូល​បាន​ហៅ​ខ្ញុំ​បាទ ហើយ​សុំ​ឲ្យ​ខ្ញុំ​បាទ​នាំ​យុវជន នេះ​មក​ជួប​លោក ព្រោះ​គេ​មាន​រឿង​មួយ​ជម្រាប​លោក»។

19. លោក​មេ‌បញ្ជា‌ការ​ដឹក​ដៃ​យុវជន​នោះ នាំ​ចេញ​ទៅ​ដាច់​ឡែក​ពី​គេ សួរ​ថា៖ «តើ​ក្មួយ​មាន​រឿង​អ្វី​ចង់​ប្រាប់​ខ្ញុំ?»។

20. យុវជន​នោះ​ជម្រាប​ថា៖ «ជន‌ជាតិ​យូដា​បាន​ព្រម​ព្រៀង​គ្នា​ថា នឹង​មក​សុំ​លោក​ឲ្យ​បញ្ជូន​លោក​ប៉ូល​ទៅ​ជួប​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ថ្ងៃ​ស្អែក ដោយ​យក​លេស​ថា ក្រុម​ប្រឹក្សា​ចង់​ពិនិត្យ​មើល​សំណុំ​រឿង​របស់​គាត់​ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។

21. សូម​លោក​កុំ​ជឿ​អ្នក​ទាំង​នោះ​ឡើយ ព្រោះ​មាន​ពួក​គេ​ជាង​សែ‌សិប​នាក់​ពួន​ស្ទាក់​ចាំ​ចាប់​គាត់។ គេ​បាន​ស្បថ‌ស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​រួច​រាល់​អស់​ហើយ គេ​នៅ​ចាំ​តែ​ការ​យល់​ស្រប​ពី​លោក​ប៉ុណ្ណោះ»។

22. លោក​មេ‌បញ្ជា‌ការ​បាន​ឲ្យ​យុវជន​នោះ​ត្រឡប់​ទៅ​វិញ ទាំង​ផ្ដែ‌ផ្ដាំ​មិន​ឲ្យ​និយាយ​ប្រាប់​នរណា​ថា​ខ្លួន​បាន​ជម្រាប​គាត់​អំពី​រឿង​នេះ​ឡើយ។

សូមអានជំពូកពេញលេញ កិច្ចការ 23