គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 21:30-39 Khmer Standard Version (KHSV)

30. ពេល​នោះ មាន​កើត​ចលាចល​ពេញ​ទីក្រុង ប្រជា‌ជន​នាំ​គ្នា​រត់​មក​ពី​គ្រប់​ទិស‌ទី។ គេ​បាន​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះ‌វិហារ* រួច​បិទ​ទ្វារ​ភ្លាម។

31. នៅ​ពេល​ដែល​ពួក​គេ​បម្រុង​នឹង​សម្លាប់​លោក​ប៉ូល ដំណឹង​អំពី​ចលាចល​នៅ​ក្រុង​យេរូ‌សាឡឹម​ក៏​បាន​ឮ​ទៅ​ដល់​មេ‌បញ្ជា‌ការ​កង​ទាហាន​រ៉ូម៉ាំង

32. គាត់​នាំ​កូន​ទាហាន និង​នាយ​ទាហាន រត់​ទៅ​កាន់​បណ្ដា‌ជន​ភ្លាម។ កាល​ប្រជា‌ជន​បាន​ឃើញ​មេ‌បញ្ជា‌ការ និង​ពួក​ទាហាន គេ​ឈប់​វាយ​លោក​ប៉ូល។

33. ពេល​នោះ មេ‌បញ្ជា‌ការ​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​លោក ព្រម​ទាំង​បញ្ជា​គេ​ឲ្យ​ដាក់​ច្រវាក់​ពីរ​ថែម​ទៀត​ផង រួច​ទើប​សាក​សួរ​ថា លោក​ប៉ូល​នេះ​ជា​នរណា បាន​ធ្វើ​អ្វី។

34. ប៉ុន្តែ ក្នុង​ចំណោម​បណ្ដា‌ជន មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ។ ដោយ​មាន​សំឡេង​អឺង‌កង​ពេក លោក​មេ‌បញ្ជា‌ការ​ពុំ​អាច​ដឹង​រឿង​ហេតុ​ច្បាស់​លាស់​ឡើយ គាត់​ក៏​បញ្ជា​គេ​ឲ្យ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។

35. ពេល​លោក​ប៉ូល​មក​ដល់​ជណ្ដើរ​បន្ទាយ ពួក​ទាហាន​នាំ​គ្នា​សែង​លោក ព្រោះ​បណ្ដា‌ជន​មក​តាម​ទាំង​កំរោល

36. និង​ស្រែក​ថា៖ «សម្លាប់​ចោល​ទៅ!»។

37. នៅ​ពេល​គេ​ហៀប​នឹង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ លោក​មាន​ប្រសាសន៍​ទៅ​មេ‌បញ្ជា‌ការ​ថា៖ «តើ​ខ្ញុំ​មាន​សិទ្ធិ​និយាយ​ជា​មួយ​លោក​បន្តិច​បាន​ឬ​ទេ?»។ មេ‌បញ្ជា‌ការ​ពោល​មក​លោក​ថា៖ «អ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរ!

38. ដូច្នេះ អ្នក​មិន​មែន​ជា​ជន‌ជាតិ​អេស៊ីប​ដែល​បាន​បំបះ‌បំបោរ​ប្រជា‌ជន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​នាំ​ពួក​ឧទ្ទាម​បួន​ពាន់​នាក់​ចូល​ព្រៃ​នោះ​ទេ​ឬ?»។

39. លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ជា​ក្រុង​ដ៏​ល្បី‌ល្បាញ​ក្នុង​ស្រុក​គីលី‌គា​នោះ​ទេ​តើ! សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជា‌ជន​នេះ​ផង»។

សូមអានជំពូកពេញលេញ កិច្ចការ 21