គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 20:9-28 Khmer Standard Version (KHSV)

9. ពេល​លោក​ប៉ូល​កំពុង​តែ​មាន​ប្រសាសន៍​យ៉ាង​យូរ​នោះ យុវជន​ម្នាក់​ឈ្មោះ អ៊ើទី‌កុស អង្គុយ​នៅ​លើ​មាត់​បង្អួច ហើយ​លង់‌លក់ ក៏​ដាច់‌ផ្ងារ​ធ្លាក់​ពី​ជាន់​ទី​បី​នោះ​មក។ ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់​ផុត​ទៅ​ហើយ។

10. លោក​ប៉ូល​ចុះ​ទៅ​ក្រោម ឱន​ពី​លើ​អ៊ើទី‌កុស ត្រកង​គាត់​លើក​ឡើង ទាំង​ពោល​ថា៖ «សូម​បង‌ប្អូន​កុំ​បារម្ភ​ឲ្យ​សោះ គាត់​នៅ​រស់​ទេ!»។

11. កាល​លោក​ឡើង​ទៅ​លើ​វិញ លោក​ក៏​ធ្វើ​ពិធី​កាច់​នំប៉័ង និង​បរិភោគ។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ត​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​លោក​ចេញ​ដំណើរ​ទៅ។

12. គេ​បាន​នាំ​យុវជន​ដែល​នៅ​មាន​ជីវិត​នោះ​ទៅ​វិញ ហើយ​ពួក​គេ​ធូរ​ស្រាល​ក្នុង​ចិត្ត​ឥត​ឧបមា។

13. រីឯ​យើង​វិញ យើង​បាន​ចុះ​សំពៅ​ទៅ​មុន ធ្វើ​ដំណើរ​ដល់​ក្រុង​អាសុស ដើម្បី​ចាំ​លោក​ប៉ូល​នៅ​ទី​នោះ ដូច​លោក​បាន​គ្រោង​ទុក ព្រោះ​លោក​ចង់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង។

14. កាល​លោក​បាន​មក​ជួប‌ជុំ​ជា​មួយ​ពួក​យើង​នៅ​ក្រុង​អាសុស​ហើយ យើង​ក៏​ទទួល​លោក​មក​ក្នុង​សំពៅ រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​មីទូ‌ឡែន។

15. យើង​បាន​ចេញ​ពី​ទី​នោះ បន្ត​ដំណើរ​តាម​សមុទ្រ ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស​នៅ​ថ្ងៃ​បន្ទាប់។ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត យើង​ទៅ​ដល់​កោះ​សាម៉ូស ហើយ​នៅ​ថ្ងៃ​ទី​បី យើង​ក៏​បាន​ទៅ​ដល់​ក្រុង​មីលេត។

16. លោក​ប៉ូល​សម្រេច​ចិត្ត​មិន​ចូល​ក្រុង​អេភេសូ​ទេ ដើម្បី​កុំ​ឲ្យ​យឺត​ដំណើរ​នៅ​ស្រុក​អាស៊ី ដ្បិត​លោក​ប្រញាប់​ចង់​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទាន់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។

17. លោក​ប៉ូល​បាន​ចាត់​គេ​ពី​ក្រុង​មីលេត ឲ្យ​ទៅ​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យ*​នៃ​ក្រុម‌ជំនុំ*​នៅ​ក្រុង​អេភេសូ​មក។

18. លុះ​គេ​បាន​មក​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖«បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ អំពី​អាកប្ប‌កិរិយា​ដែល​ខ្ញុំ​មាន​ចំពោះ​បង‌ប្អូន​រាល់​ពេល​វេលា តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​អាស៊ី​ម៉្លេះ

19. គឺ​ខ្ញុំ​បាន​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​សុភាព‌រាបសា ទាំង​ទឹក​ភ្នែក ទាំង​លំបាក ដោយ​ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។

20. ខ្ញុំ​បាន​ជម្រាប និង​បង្រៀន​បង‌ប្អូន តាម​ទី​សាធារណៈ និង​តាម​ផ្ទះ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​សារ‌ប្រយោជន៍​ដល់​បង‌ប្អូន ឥត​មាន​លាក់‌លៀម​ត្រង់​ណា​សោះ​ឡើយ

21. ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌ជាម្ចាស់ និង​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​យើង​ផង។

22. ឥឡូវ​នេះ ព្រះ‌វិញ្ញាណ​បាន​ទាក់‌ទាញ​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​ហេតុ‌ការណ៍​អ្វី​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​នោះ​ឡើយ

23. គឺ​ខ្ញុំ​គ្រាន់​តែ​ដឹង​តាម​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​បញ្ជាក់​ប្រាប់ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ថា ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ចង ហើយ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា។

24. ប៉ុន្តែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខ‌ងារ និង​សម្រេច​កិច្ចការ​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខីភាព​អំពី​ដំណឹង‌ល្អ*​នៃ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់។

25. ខ្ញុំ​ធ្លាប់​រស់​នៅ​ក្នុង​ចំណោម​បង‌ប្អូន​ទាំង​អស់​គ្នា ទាំង​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​បង‌ប្អូន​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត​ហើយ។

26. ហេតុ​នេះ​បាន​ជា​ខ្ញុំ​ផ្ដល់​សក្ខីភាព​ឲ្យ​បង‌ប្អូន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ

27. ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន អំពី​គម្រោង‌ការ​ទាំង​មូល​របស់​ព្រះ‌ជាម្ចាស់​រួច​ហើយ ឥត​មាន​លាក់‌លៀម​ត្រង់​ណា​សោះ

28. ដូច្នេះ សូម​បង‌ប្អូន​ថែ‌រក្សា​ខ្លួន​ឯង និង​ថែ‌រក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​បង‌ប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បង‌ប្អូន​ថែ‌រក្សា​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់ ដែល​ព្រះ‌អង្គ​បាន​លោះ​មក ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។

សូមអានជំពូកពេញលេញ កិច្ចការ 20