គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 20:25-34 Khmer Standard Version (KHSV)

25. ខ្ញុំ​ធ្លាប់​រស់​នៅ​ក្នុង​ចំណោម​បង‌ប្អូន​ទាំង​អស់​គ្នា ទាំង​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​បង‌ប្អូន​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត​ហើយ។

26. ហេតុ​នេះ​បាន​ជា​ខ្ញុំ​ផ្ដល់​សក្ខីភាព​ឲ្យ​បង‌ប្អូន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ

27. ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន អំពី​គម្រោង‌ការ​ទាំង​មូល​របស់​ព្រះ‌ជាម្ចាស់​រួច​ហើយ ឥត​មាន​លាក់‌លៀម​ត្រង់​ណា​សោះ

28. ដូច្នេះ សូម​បង‌ប្អូន​ថែ‌រក្សា​ខ្លួន​ឯង និង​ថែ‌រក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​បង‌ប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បង‌ប្អូន​ថែ‌រក្សា​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់ ដែល​ព្រះ‌អង្គ​បាន​លោះ​មក ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។

29. ខ្ញុំ​ដឹង​ច្បាស់​ថា ពេល​ខ្ញុំ​ចេញ​ផុត​ទៅ នឹង​មាន​មនុស្ស​ចិត្ត​សាហាវ​ដូច​ចចក នាំ​គ្នា​ចូល​មក​ក្នុង​ចំណោម​បង‌ប្អូន គេ​នឹង​ធ្វើ​បាប​ក្រុម​អ្នក​ជឿ​ឥត​ត្រា​ប្រណី​ឡើយ

30. ថែម​ទាំង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង‌ប្អូន​នាំ​គ្នា​ពោល​ពាក្យ​បញ្ឆោត ដើម្បី​ទាក់‌ទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​គេ​ទៀត​ផង។

31. ហេតុ​នេះ សូម​បង‌ប្អូន​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដោយ​នឹក​ចាំ​ថា ខ្ញុំ​បាន​ដាស់‌តឿន​បង‌ប្អូន​គ្រប់ៗ​រូប​ទាំង​ទឹក​ភ្នែក ក្នុង​រវាង​បី​ឆ្នាំ ទាំង​យប់ ទាំង​ថ្ងៃ ឥត​មាន​ឈប់​ឡើយ។

32. ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង‌ប្អូន​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ផ្ញើ​នឹង​ព្រះ‌បន្ទូល​ស្ដី​អំពី​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។ មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​អាច​កសាង​បង‌ប្អូន​ឡើង​ជា​ក្រុម‌ជំនុំ* ព្រម​ទាំង​ឲ្យ​បង‌ប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ។

33. ខ្ញុំ​មិន​ដែល​ចង់​បាន​មាស ប្រាក់ ឬ​សម្លៀក‌បំពាក់​អ្វី​ពី​នរណា​ឡើយ។

34. បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ដៃ ដើម្បី​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ។

សូមអានជំពូកពេញលេញ កិច្ចការ 20