គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 20:1-12 Khmer Standard Version (KHSV)

1. លុះ​ចលាចល​នេះ​បាន​ស្ងប់​ទៅ​វិញ​ហើយ លោក​ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​លើក​ទឹក​ចិត្ត រួច​ជម្រាប​លា​គេ ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន។

2. លោក​ធ្វើ​ដំណើរ​កាត់​ស្រុក​នោះ ទាំង​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​អ្នក​ជឿ​យ៉ាង​ច្រើន​ផង។ បន្ទាប់​មក លោក​ក៏​បាន​ទៅ​ដល់​ស្រុក​ក្រិក

3. ហើយ​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ។ ពេល​លោក​ហៀប​នឹង​ចុះ​សំពៅ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស៊ីរី ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​លោក។ លោក​ជ្រាប​ដូច្នេះ ក៏​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ាសេ‌ដូន។

4. អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​លោក​នៅ​ពេល​នោះ មាន​លោក​សូប៉ា‌ត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរី‌ស្ដាក និង​លោក​សេគុន‌ដុស ជា​អ្នក​ស្រុក​ថេស្សា‌ឡូនិក លោក​កៃយុស​ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូថេ ព្រម​ទាំង​លោក​ទីឃី‌កុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។

5. បង‌ប្អូន​ទាំង​នេះ​បាន​ចេញ​ដំណើរ​ទៅ​មុន ហើយ​រង់‌ចាំ​យើង​នៅ​ក្រុង​ត្រូអាស

6. ចំណែក​ឯ​យើង​វិញ ក្រោយ​ថ្ងៃ​បុណ្យ​នំប៉័ង​ឥត​មេ* យើង​ចេញ​ពី​ក្រុង​ភីលីព​ទៅ​ចុះ​សំពៅ។ ប្រាំ​ថ្ងៃ​ក្រោយ​មក យើង​ក៏​បាន​មក​ដល់​ក្រុង​ត្រូអាស ជួប‌ជុំ​នឹង​ពួក​គេ រួច​ស្នាក់​នៅ​ទី​នោះ​ប្រាំ‌ពីរ​ថ្ងៃ។

7. នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ យើង​បាន​ជួប‌ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំប៉័ង។ ដោយ​លោក​ប៉ូល​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ លោក​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ ហើយ​អធិប្បាយ​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។

8. ក្នុង​បន្ទប់​ដែល​យើង​ប្រជុំ​គ្នា​នៅ​ជាន់​ខាង​លើ មាន​ចង្កៀង​ជា​ច្រើន។

9. ពេល​លោក​ប៉ូល​កំពុង​តែ​មាន​ប្រសាសន៍​យ៉ាង​យូរ​នោះ យុវជន​ម្នាក់​ឈ្មោះ អ៊ើទី‌កុស អង្គុយ​នៅ​លើ​មាត់​បង្អួច ហើយ​លង់‌លក់ ក៏​ដាច់‌ផ្ងារ​ធ្លាក់​ពី​ជាន់​ទី​បី​នោះ​មក។ ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់​ផុត​ទៅ​ហើយ។

10. លោក​ប៉ូល​ចុះ​ទៅ​ក្រោម ឱន​ពី​លើ​អ៊ើទី‌កុស ត្រកង​គាត់​លើក​ឡើង ទាំង​ពោល​ថា៖ «សូម​បង‌ប្អូន​កុំ​បារម្ភ​ឲ្យ​សោះ គាត់​នៅ​រស់​ទេ!»។

11. កាល​លោក​ឡើង​ទៅ​លើ​វិញ លោក​ក៏​ធ្វើ​ពិធី​កាច់​នំប៉័ង និង​បរិភោគ។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ត​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​លោក​ចេញ​ដំណើរ​ទៅ។

12. គេ​បាន​នាំ​យុវជន​ដែល​នៅ​មាន​ជីវិត​នោះ​ទៅ​វិញ ហើយ​ពួក​គេ​ធូរ​ស្រាល​ក្នុង​ចិត្ត​ឥត​ឧបមា។

សូមអានជំពូកពេញលេញ កិច្ចការ 20