គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 2:4-19 Khmer Standard Version (KHSV)

4. អ្នក​ទាំង​នោះ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា តាម​ព្រះ‌វិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ។

5. ពេល​នោះ មាន​ជន‌ជាតិ​យូដា​ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ មក​ពី​ប្រទេស​នានា ក្នុង​ពិភព​លោក​ទាំង​មូល ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។

6. ពេល​ស្នូរ​សន្ធឹក​លាន់​ឮ​យ៉ាង​ខ្លាំង​ដូច្នោះ មហា‌ជន​នាំ​គ្នា​រត់​មក​មើល ហើយ​ភ្ញាក់​ផ្អើល​ក្រៃ‌លែង ព្រោះ​ម្នាក់ៗ​បាន​ឮ​ពួក​សិស្ស​និយាយ​ភាសា​របស់​ខ្លួន។

7. អ្នក​ទាំង​នោះ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់ គេ​ស្ងើច​សរសើរ ទាំង​ពោល​ថា៖ «អ្នក​ដែល​កំពុង​និយាយ​នេះ​សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ទេ​តើ។

8. ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​របស់​យើង​រៀងៗ​ខ្លួន​ទៅ​វិញ​ដូច្នេះ?

9. គឺ​ទាំង​អ្នក​ស្រុក​ផាថុស ស្រុក​មេឌី ស្រុក​អេឡាំ ទាំង​អ្នក​ស្រុក​មេសូ‌ប៉ូតាមា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី

10. ស្រុក​ព្រីគា ស្រុក​ប៉ាមភី‌លា ស្រុក​អេស៊ីប ស្រុក​លីប៊ី​ដែល​នៅ​ក្បែរ​ស្រុក​គីរេន និង​អស់​អ្នក​មក​ពី​ក្រុង​រ៉ូម

11. ទាំង​ជន‌ជាតិ​យូដា ទាំង​អ្នក​ចូល​សាសនា​យូដា ទាំង​អ្នក​មក​ពី​កោះ​ក្រែត ទាំង​ជន‌ជាតិ​អារ៉ាប់ យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌ជាម្ចាស់ ជា​ភាសា​យើង​ទាំង​អស់​គ្នា​ផ្ទាល់!»។

12. អ្នក​ទាំង​នោះ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់ មិន​ដឹង​គិត​យ៉ាង​ណា គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុ‌ការណ៍​នេះ​មាន​ន័យ​ដូច​ម្ដេច?»។

13. ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត​បែរ​ជា​និយាយ​ចំអក​ថា៖ «ពួក​អស់​ហ្នឹង​សុទ្ធ​តែ​ស្រវឹង​ស្រា​ទេ​តើ!»។

14. លោក​ពេត្រុស​ក៏​ក្រោក​ឈរ​ឡើង​ជា​មួយ​សាវ័ក​ដប់​មួយ​រូប​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា‌ជន​ថា៖ «បង‌ប្អូន​យូដា និង​បង‌ប្អូន​ទាំង​អស់​ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ! សូម​បង‌ប្អូន​ជ្រាប ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​របស់​ខ្ញុំ។

15. អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង​ស្រា​ដូច​បង‌ប្អូន​ស្មាន​នោះ​ទេ ព្រោះ​ទើប​តែ​ម៉ោង​ប្រាំ​បួន​ព្រឹក​ប៉ុណ្ណោះ!។

16. ហេតុ‌ការណ៍​នេះ​កើត​មាន ស្រប​តាម​សេចក្ដី​ដែល​ព្យាការី*​យ៉ូ‌អែល​បាន​ថ្លែង​ទុក​មក​ថា៖

17. “ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​យក​វិញ្ញាណ​យើង​មក​ចាក់​បង្ហូរ លើ​មនុស្ស​លោក​ផង​ទាំង​ពួង។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​ព្រះ‌បន្ទូល ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ ហើយ​ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា នឹង​យល់​សុបិន​និមិត្ត។

18. នៅ​គ្រា​នោះ យើង​ពិត​ជា​យក​វិញ្ញាណ​យើង មក​ចាក់​បង្ហូរ​លើ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី របស់​យើង ហើយ​គេ​នឹង​ថ្លែង​ព្រះ‌បន្ទូល។

19. យើង​នឹង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​នៅ​លើ​មេឃ សម្តែង​ទី​សម្គាល់​ផ្សេងៗ​នៅ​លើ​ផែន‌ដី គឺ​មាន​ឈាម មាន​ភ្លើង និង​មាន​កំសួល​ផ្សែង។

សូមអានជំពូកពេញលេញ កិច្ចការ 2