គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 2:34-45 Khmer Standard Version (KHSV)

34. ព្រះ‌បាទ​ដាវីឌ​មិន​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ*​ទេ តែ​ព្រះ‌អង្គ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង

35. ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ”។

36. ហេតុ​នេះ សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​នេះ ដែល​បង‌ប្អូន​បាន​ឆ្កាង ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​លោក​ឡើង​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រិស្ដ*​ហើយ»។

37. កាល​បណ្ដា‌ជន​បាន​ឮ​សេចក្ដី​ទាំង​នេះ ពួក​គេ​រំជួល​ចិត្ត​ជា​ខ្លាំង ហើយ​សួរ​លោក​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ថា៖ «បង‌ប្អូន​អើយ! តើ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?»។

38. លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​បង‌ប្អូន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក* ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ដ*​ទៅ ដើម្បី​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​បង‌ប្អូន​ឲ្យ​រួច​ពី​បាប* ហើយ​បង‌ប្អូន​នឹង​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ដែល​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់

39. ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សន្យា​នេះ​ចំពោះ​បង‌ប្អូន​ទាំង​អស់​គ្នា ចំពោះ​កូន​ចៅ​របស់​បង‌ប្អូន និង​ចំពោះ​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន​ដែរ តាម​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។

40. លោក​ពេត្រុស​បាន​ពន្យល់​បញ្ជាក់ និង​ដាស់‌តឿន​ពួក​គេ ដោយ​ពាក្យ‌ពេចន៍​ជា​ច្រើន​ទៀត គឺ​លោក​មាន​ប្រសាសន៍​ថា៖ «សូម​បង‌ប្អូន​ទទួល​ការ​សង្គ្រោះ ឲ្យ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ»។

41. អស់​អ្នក​ដែល​យល់​ព្រម​ទទួល​ពាក្យ​របស់​លោក ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់ ចូល​មក​រួម​ក្នុង​ក្រុម​សិស្ស*។

42. សិស្ស​ទាំង​នោះ​ព្យាយាម​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ក្រុម​សាវ័ក* រួម​រស់​ជា​មួយ​គ្នា​ជា​បង‌ប្អូន ធ្វើ​ពិធី​កាច់​នំប៉័ង* និង​ព្យាយាម​អធិស្ឋាន។

43. មនុស្ស‌ម្នា​កោត​ស្ញប់‌ស្ញែង​គ្រប់ៗ​គ្នា ដ្បិត​ក្រុម​សាវ័ក​បាន​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ធ្វើ​ទី​សម្គាល់​ផ្សេងៗ​ជា​ច្រើន។

44. អស់​អ្នក​ដែល​បាន​ជឿ​លើ​ព្រះ‌អម្ចាស់ មាន​ចិត្ត​គំនិត​តែ​មួយ ហើយ​យក​របស់​របរ​ដែល​ខ្លួន​មាន មក​ដាក់​រួម​គ្នា​ទាំង​អស់។

45. គេ​លក់​ទ្រព្យ‌សម្បត្តិ និង​អ្វីៗ​ជា​របស់​ខ្លួន យក​ប្រាក់​មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់ៗ។

សូមអានជំពូកពេញលេញ កិច្ចការ 2