គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 2:23-36 Khmer Standard Version (KHSV)

23. បង‌ប្អូន​បាន​ចាប់​បញ្ជូន​លោក​យេស៊ូ​នេះ​ទៅ​ឲ្យ​ពួក​ជន​ពាល ឥត​សាសនា ឆ្កាង​លោក ដូច​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក ដោយ​ព្រះ‌អង្គ​ទ្រង់​ញាណ​ជា​មុន។

24. ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​លោក​ទុក​បាន​ឡើយ។

25. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​លោក​យេស៊ូ​នេះ​ថា៖ «ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូលបង្គំ​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ មិន​ឲ្យ​ទូលបង្គំ​ត្រូវ​ញាប់‌ញ័រ​ឡើយ។

26. ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​ទូលបង្គំ​រីក‌រាយ ទូលបង្គំ​ពោល​ពាក្យ​ដោយ​អំណរ​ដ៏​លើស‌លប់ ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​នឹង​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ

27. ដ្បិត​ព្រះ‌អង្គ​នឹង​មិន​បោះ​បង់​ព្រលឹង​ទូលបង្គំ ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​បណ្ដោយ​ឲ្យ សព​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ត្រូវ​រលួយ​ដែរ។

28. ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំ មាន​សុភមង្គល​ដ៏​ពេញ‌លេញ ដោយ​ព្រះ‌អង្គ​គង់​ជា​មួយ​ទូលបង្គំ» ។

29. «បង‌ប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ឲ្យ​បាន​ច្បាស់​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​របស់​យើង​នោះ​ថា ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​ព្រះ‌សព​របស់​ព្រះ‌អង្គ រីឯ​ផ្នូរ​របស់​ព្រះ‌អង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។

30. ដោយ​ព្រះ‌បាទ​ដាវីឌ​ជា​ព្យាការី​មួយ​រូប ទ្រង់​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​ព្រះ‌អង្គ​ថា នឹង​ប្រទាន​ឲ្យ​ព្រះ‌រាជ‌វង្ស​របស់​ទ្រង់​មួយ​អង្គ​ឡើង​ស្នង​រាជ្យ។

31. ព្រះ‌បាទ​ដាវីឌ​បាន​ឈ្វេង​យល់​ជា​មុន​ថា ព្រះ‌គ្រិស្ដ*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​ទ្រង់​មាន​រាជ‌ឱង្ការ​ថា ព្រះ‌ជាម្ចាស់​ពុំ​ទុក​ព្រះ‌គ្រិស្ដ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ទេ ហើយ​ក៏​មិន​ទុក​ឲ្យ​សព​ព្រះ‌អង្គ​ត្រូវ​រលួយ​ដែរ។

32. ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​យេស៊ូ​នេះ​ឲ្យ​រស់​ឡើង​វិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។

33. ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង ដោយ​ឫទ្ធិ‌បារមីរបស់​ព្រះ‌អង្គ។ លោក​យេស៊ូ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ពី​ព្រះ‌បិតា​តាម​ព្រះ‌បន្ទូល​សន្យា ហើយ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​នេះ​មក​លើ​យើង​ខ្ញុំ ដូច​បង‌ប្អូន​បាន​ឃើញ​បាន​ឮ​ស្រាប់។

34. ព្រះ‌បាទ​ដាវីឌ​មិន​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ*​ទេ តែ​ព្រះ‌អង្គ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង

35. ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ”។

36. ហេតុ​នេះ សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​នេះ ដែល​បង‌ប្អូន​បាន​ឆ្កាង ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​លោក​ឡើង​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រិស្ដ*​ហើយ»។

សូមអានជំពូកពេញលេញ កិច្ចការ 2