គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 2:17-28 Khmer Standard Version (KHSV)

17. “ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​យក​វិញ្ញាណ​យើង​មក​ចាក់​បង្ហូរ លើ​មនុស្ស​លោក​ផង​ទាំង​ពួង។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​ព្រះ‌បន្ទូល ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ ហើយ​ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា នឹង​យល់​សុបិន​និមិត្ត។

18. នៅ​គ្រា​នោះ យើង​ពិត​ជា​យក​វិញ្ញាណ​យើង មក​ចាក់​បង្ហូរ​លើ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី របស់​យើង ហើយ​គេ​នឹង​ថ្លែង​ព្រះ‌បន្ទូល។

19. យើង​នឹង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​នៅ​លើ​មេឃ សម្តែង​ទី​សម្គាល់​ផ្សេងៗ​នៅ​លើ​ផែន‌ដី គឺ​មាន​ឈាម មាន​ភ្លើង និង​មាន​កំសួល​ផ្សែង។

20. ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម នៅ​មុន​ថ្ងៃ​ព្រះ‌អម្ចាស់​យាង​មក គឺ​ជា​ថ្ងៃ​ដ៏​រុងរឿង​ឧត្ដុង្គ‌ឧត្ដម

21. ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ” »។

22. បង‌ប្អូន​អ៊ីស្រា‌អែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! ព្រះ‌ជាម្ចាស់​បាន​រ៉ាប់​រង​ទទួល​លោក​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត នៅ​មុខ​បង‌ប្អូន​ទាំង​អស់​គ្នា ដោយ​ព្រះ‌អង្គ​បាន​សម្តែង​ការ​អស្ចារ្យ ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បង‌ប្អូន តាម​រយៈ​លោក​ដូច​បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ។

23. បង‌ប្អូន​បាន​ចាប់​បញ្ជូន​លោក​យេស៊ូ​នេះ​ទៅ​ឲ្យ​ពួក​ជន​ពាល ឥត​សាសនា ឆ្កាង​លោក ដូច​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក ដោយ​ព្រះ‌អង្គ​ទ្រង់​ញាណ​ជា​មុន។

24. ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​លោក​ទុក​បាន​ឡើយ។

25. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​លោក​យេស៊ូ​នេះ​ថា៖ «ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូលបង្គំ​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ មិន​ឲ្យ​ទូលបង្គំ​ត្រូវ​ញាប់‌ញ័រ​ឡើយ។

26. ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​ទូលបង្គំ​រីក‌រាយ ទូលបង្គំ​ពោល​ពាក្យ​ដោយ​អំណរ​ដ៏​លើស‌លប់ ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​នឹង​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ

27. ដ្បិត​ព្រះ‌អង្គ​នឹង​មិន​បោះ​បង់​ព្រលឹង​ទូលបង្គំ ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​បណ្ដោយ​ឲ្យ សព​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ត្រូវ​រលួយ​ដែរ។

28. ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំ មាន​សុភមង្គល​ដ៏​ពេញ‌លេញ ដោយ​ព្រះ‌អង្គ​គង់​ជា​មួយ​ទូលបង្គំ» ។

សូមអានជំពូកពេញលេញ កិច្ចការ 2