គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 19:9-18 Khmer Standard Version (KHSV)

9. ប៉ុន្តែ ដោយ​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ត​មានះ​មិន​ព្រម​ជឿ ថែម​ទាំង​ប្រមាថ​មាគ៌ា​របស់​ព្រះ‌អម្ចាស់​នៅ​មុខ​ប្រជុំ​ជន​ផង​នោះ លោក​ក៏​ចាក​ចេញ​ពី​ពួក​គេ នាំ​សិស្ស​ទៅ​ដាច់​ឡែក ហើយ​បង្រៀន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​ទីរ៉ា‌ណុស

10. លោក​បាន​បង្រៀន​គេ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ គឺ​រហូត​ទាល់​តែ​អ្នក​ស្រុក​អាស៊ី​ទាំង​អស់ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

11. ពេល​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​ជា​ច្រើន តាម​រយៈ​លោក​ប៉ូល

12. គឺ​បើ​គេ​គ្រាន់​តែ​យក​ក្រណាត់ ឬ​កន្សែង​ដែល​បាន​ប៉ះ​លោក​ប៉ូល មក​ដាក់​ពី​លើ​អ្នក​ជំងឺ អ្នក​ជំងឺ​នឹង​បាន​ជា ហើយ​វិញ្ញាណ​អាក្រក់​ក៏​នឹង​ចេញ​ពី​គេ​ទៅ​ដែរ។

13. មាន​គ្រូ​ដេញ​វិញ្ញាណ​អាក្រក់​ជាតិ​យូដា​ខ្លះ តែង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ចង់​ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស ដោយ​ប្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ គឺ​គេ​និយាយ​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «យើង​បញ្ជា​ពួក​ឯង ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​ដែល​លោក​ប៉ូល​ប្រកាស ចូរ​ចេញ​ទៅ!»។

14. កូន​ប្រុស​ទាំង​ប្រាំ‌ពីរ​របស់​លោក​ស្កេវ៉ា ដែល​ជា​នាយក​បូជា‌ចារ្យ*​របស់​សាសន៍​យូដា ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។

15. វិញ្ញាណ​អាក្រក់​បាន​តប​មក​អ្នក​ទាំង​នោះ​វិញ​ថា៖ «យើង​ស្គាល់​ព្រះ‌យេស៊ូ ហើយ​ក៏​ដឹង​ថា លោក​ប៉ូល​ជា​នរណា​ដែរ ចុះ​ឯង​រាល់​គ្នា​វិញ ឯង​ជា​នរណា?»។

16. អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​បាន​ស្ទុះ​មក​សង្កត់​ពួក​គេ​ជាប់ ហើយ​វិញ្ញាណ​អាក្រក់​មាន​កម្លាំង​ជាង រហូត​ទាល់​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​រត់​ចេញ​ពី​ផ្ទះ របូត​ខោ របូត​អាវ និង​ត្រូវ​របួស​ទៀត​ផង។

17. មនុស្ស‌ម្នា​នៅ​ក្រុង​អេភេសូ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ដឹង​រឿង​នេះ ហើយ​កោត​ខ្លាច​គ្រប់ៗ​គ្នា។ ពេល​នោះ គេ​លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូ។

18. មាន​អ្នក​ជឿ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​មក​ទទួល​សារ‌ភាព​ជា​សាធារណៈ នូវ​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​កាល​ពី​មុន

សូមអានជំពូកពេញលេញ កិច្ចការ 19