គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 19:26-40 Khmer Standard Version (KHSV)

26. ហើយ​បង‌ប្អូន​ក៏​បាន​ឃើញ​បាន​ឮ​ដែរ​ថា ឈ្មោះ​ប៉ូល​នោះ​បញ្ចុះ‌បញ្ចូល​នាំ​មហា‌ជន​ឲ្យ​ទៅ​តាម​គាត់ មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូ​នេះ​ប៉ុណ្ណោះ​ទេ គឺ​សឹង​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល​ថែម​ទៀត​ផង ដោយ​ពោល​ថា រូប​ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិន​មែន​ជា​ព្រះ​ឡើយ។

27. ការ​នេះ​មិន​ត្រឹម​តែ​បន្ថោក​បន្ទាប​មុខ​របរ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌វិហារ​នៃ​ព្រះ‌នាង​ឌីអាន​ដ៏​ប្រសើរ​ឧត្ដម​របស់​យើង​ត្រូវ​រលាយ ហើយ​កិត្តិនាម​របស់​ព្រះ‌នាង ដែល​អ្នក​ស្រុក​អាស៊ី និង​សកល​លោក​ទាំង​មូល​ធ្លាប់​ថ្វាយ‌បង្គំ មុខ​ជា​ត្រូវ​ធ្លាក់​ចុះ​អន់‌ថយ​ទៀត​ផង»។

28. កាល​បាន​ឮ​ពាក្យ​នេះ​ហើយ គេ​ខឹង​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ព្រះ‌នាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។

29. ពេល​នោះ មាន​កើត​វឹក‌វរ​ពាស‌ពេញ​ទីក្រុង គេ​លើក​គ្នា​ដើរ​តម្រង់​ទៅ​លាន​មហោ‌ស្រព ទាំង​អូស​ទាញ​លោក​កៃយុស និង​លោក​អើរី‌ស្ដាក ជា​អ្នក​ស្រុក​ម៉ាសេ‌ដូន ដែល​រួម​ដំណើរ​ជា​មួយ​លោក​ប៉ូល​ទៅ​ផង។

30. លោក​ប៉ូល​មាន​បំណង​ទៅ​ជួប​ប្រជា‌ជន ប៉ុន្តែ ពួក​សិស្ស*​បាន​ឃាត់​លោក​មិន​ឲ្យ​ទៅ​ទេ

31. សូម្បី​តែ​មន្ត្រី​ក្រុង​ខ្លះ​ដែល​ជា​មិត្ត‌ភក្ដិ​របស់​លោក ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក មិន​ឲ្យ​ទៅ​លាន​មហោ‌ស្រព​ដែរ។

32. នៅ​ពេល​នោះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មាន​កើត​ច្របូក‌ច្របល់​ពេញ​អង្គ​ប្រជុំ​ទាំង​មូល ហើយ​មាន​អ្នក​ខ្លះ​មិន​ទាំង​ដឹង​ថា​គេ​មក​ប្រជុំ​គ្នា​រឿង​អ្វី​ផង។

33. ពេល​នោះ ជន‌ជាតិ​យូដា​បាន​រុញ​បុរស​ម្នាក់ ឈ្មោះ​អលេ‌ក្សាន‌ត្រុស​ឲ្យ​ចេញ​ពី​ក្នុង​ចំណោម​បណ្ដា‌ជន ឡើង​ទៅ​ឈរ​នៅ​ខាង​មុខ។ អលេ‌ក្សាន‌ត្រុស​ក៏​លើក​ដៃ​ធ្វើ​សញ្ញា ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះ‌សា​នៅ​មុខ​ប្រជា‌ជន។

34. ប៉ុន្តែ កាល​ប្រជា‌ជន​ឃើញ​ថា គាត់​ជា​ជន‌ជាតិ​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​អស់​រយៈ​ពេល​ជិត​ពីរ​ម៉ោង​ថា៖ «ព្រះ‌នាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។

35. នៅ​ទី​បំផុត លោក​លេខា‌ធិការ​ក្រុង​បាន​ឃាត់​បណ្ដា‌ជន​ឲ្យ​នៅ​ស្ងៀម ដោយ​ពោល​ថា៖ «បង‌ប្អូន​ជា​អ្នក​ក្រុង​អេភេសូ​អើយ! តើ​នរណា​មិន​ដឹង​ថា​ក្រុង​អេភេសូ ជា​ក្រុង​របស់​ព្រះ‌នាង​ឌីអាន ដែល​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក​ធ្លាក់​ចុះ​ពី​ស្ថាន‌សួគ៌​មក​នោះ!។

36. ត្រង់​នេះ គ្មាន​នរណា​អាច​ជំទាស់​បាន​ទេ សូម​បង‌ប្អូន​នៅ​ស្ងៀម​ទៅ កុំ​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ដូច្នេះ។

37. បង‌ប្អូន​បាន​នាំ​អ្នក​ទាំង​នេះ​មក ប៉ុន្តែ គេ​មិន​បាន​ប្លន់​ព្រះ‌វិហារ ឬ​ក៏​ពោល​ពាក្យ​អ្វី​ប្រមាថ​ព្រះ‌នាង​របស់​យើង​ទេ។

38. ប្រសិន​បើ​លោក​ដេមេ‌ទ្រាស និង​ពួក​ជាង​ដែល​នៅ​ជា​មួយ​គាត់​មាន​រឿង​អ្វី​ទាស់​នឹង​នរណា ត្រូវ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​អស់​លោក​ជា​រាជ​ប្រតិភូ រក​យុត្តិធម៌​ឲ្យ​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ទៅ!។

39. ប្រសិន​បើ​បង‌ប្អូន​ចង់​តវ៉ា​អំពី​រឿង​អ្វី​ទៀត​នោះ ចាំ​ដល់​ពេល​មាន​អង្គ​ប្រជុំ​ពេញ​ច្បាប់ គេ​នឹង​ដោះ​ស្រាយ​ជូន។

40. បើ​មិន​ដូច្នោះ​ទេ សុំ​ប្រយ័ត្ន ក្រែង​យើង​ត្រូវ​ជាប់​ចោទ​ថា​ជា​អ្នក​បះ‌បោរ ព្រោះ​តែ​រឿង‌រ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​នេះ ដ្បិត​យើង​គ្មាន​មូល​ហេតុ​អ្វី ដើម្បី​ដោះ‌សា​អំពី​ការ​ប្រជុំ​គ្នា​នេះ​បាន​ឡើយ»។

សូមអានជំពូកពេញលេញ កិច្ចការ 19