គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 17:5-18 Khmer Standard Version (KHSV)

5. រីឯ​ជន‌ជាតិ​យូដា​វិញ គេ​មាន​ចិត្ត​ច្រណែន ហើយ​ប្រមូល​ពួក​ពាល​ដែល​នៅ​តាម​ផ្លូវ មក​បំបះ‌បំបោរ​ប្រជា‌ជន ឲ្យ​កើត​ចលាចល​ក្នុង​ក្រុង។ គេ​បាន​ទៅ​ផ្ទះ​លោក​យ៉ាសូន ក្នុង​គោល​បំណង​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស យក​ទៅ​ឲ្យ​ប្រជា‌ជន​កាត់​ទោស

6. តែ​ដោយ​គេ​រក​លោក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសូន និង​បង‌ប្អូន​ខ្លះ​ទៀត អូស​យក​ទៅ​ជូន​លោក​អភិបាល​ក្រុង ទាំង​ស្រែក​ឡើង​ថា៖ «ពួក​ដែល​បង្ក​ឲ្យ​ជ្រួល‌ច្របល់​ពេញ​ពិភព​លោក​ទាំង​មូល បាន​មក​ដល់​ទី​នេះ​ហើយ!។

7. យ៉ាសូន​បាន​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់! អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ‌រាជ‌ក្រឹត្យ​របស់​ព្រះចៅ​អធិ‌រាជ ដ្បិត​ពួក​គេ​ប្រកាស​ថា មាន​ស្ដេច​មួយ​អង្គ​ទៀត នាម​យេស៊ូ»។

8. ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដា‌ជន និង​លោក​អភិបាល​ក្រុង​ខ្វល់​ចិត្ត។

9. គេ​បាន​សុំ​ឲ្យ​លោក​យ៉ាសូន និង​អ្នក​ឯ​ទៀតៗ​បង់​ប្រាក់​ធានា ទើប​គេ​សុខ​ចិត្ត​ដោះ​លែង​ឲ្យ​ទៅ​វិញ។

10. ពួក​បង‌ប្អូន​បាន​បណ្ដោះ​លោក​ប៉ូល និង​លោក​ស៊ីឡាស ឲ្យ​ចេញ​ដំណើរ​ទៅ​ក្រុង​បេរា នៅ​យប់​នោះ​ភ្លាម។ លុះ​ទៅ​ដល់​ហើយ លោក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​សាសន៍​យូដា។

11. សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​សន្ដាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក គឺ​គេ​បាន​ទទួល​ព្រះ‌បន្ទូល​ដោយ​ចិត្ត​ស្មោះ​សរ ហើយ​ពិនិត្យ‌ពិច័យ​មើល​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ដែល​លោក​ប៉ូល និង​លោក​ស៊ីឡាស​មាន​ប្រសាសន៍​ប្រាប់​គេ ពិត​ជា​ត្រឹម​ត្រូវ​មែន ឬ​យ៉ាង​ណា។

12. ក្នុង​ចំណោម​ពួក​គេ មាន​ច្រើន​នាក់​បាន​ជឿ ហើយ​មាន​ស្ត្រីៗ​អ្នក​មុខ​អ្នក​ការ​ជាតិ​ក្រិក និង​មាន​បុរស​ជា​ច្រើន​បាន​ជឿ​ដែរ។

13. ប៉ុន្តែ កាល​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក​ដឹង​ថា លោក​ប៉ូល​ផ្សព្វ‌ផ្សាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​នោះ គេ​ក៏​នាំ​គ្នា​មក​បំបះ‌បំបោរ​មហា‌ជន​ឲ្យ​ជ្រួល‌ច្របល់​ឡើង។

14. ឃើញ​ដូច្នោះ ពួក​បង‌ប្អូន​បាន​នាំ​លោក​ប៉ូល​ឆ្ពោះ​ទៅ​មាត់​សមុទ្រ​ភ្លាម រីឯ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ​វិញ ស្នាក់​នៅ​ទី​នោះ​ដដែល។

15. ពួក​អ្នក​ជូន​ដំណើរ​លោក​ប៉ូល​បាន​មក​ជា​មួយ​លោក រហូត​ដល់​ក្រុង​អាថែន ទើប​ត្រឡប់​ទៅ​វិញ ទាំង​នាំ​ពាក្យ​ផ្ដែ‌ផ្ដាំ​ពី​លោក​ប៉ូល ទៅ​ជម្រាប​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ឲ្យ​មក​តាម​លោក​យ៉ាង​ប្រញាប់​បំផុត។

16. ពេល​លោក​ប៉ូល​រង់‌ចាំ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ នៅ​ក្រុង​អាថែន លោក​តឹង​ទ្រូង​ជា​ខ្លាំង​ដោយ​ឃើញ​មាន​រូប​សំណាក​ពាស‌ពេញ​ក្នុង​ក្រុង​នេះ។

17. លោក​បាន​ជជែក​សន្ទនា​ជា​មួយ​សាសន៍​យូដា និង​ជា​មួយ​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​សាលា​ប្រជុំ* ហើយ​រៀង​រាល់​ថ្ងៃ លោក​សន្ទនា​ជា​មួយ​អស់​អ្នក​ដែល​លោក​ជួប​នៅ​តាម​ទី‌លាន​សាធារណៈ​ក្នុង​ក្រុង។

18. មាន​ទស្សន‌វិទូ​ខ្លះ​ខាង​អេពី‌គួរ និង​ខាង​ស្ដូអ៊ីក ក៏​បាន​សន្ទនា​ជា​មួយ​លោក​ដែរ ខ្លះ​ពោល​ថា៖ «តើ​អ្នក​ព្រោក‌ប្រាជ្ញ​នេះ​ចង់​និយាយ​ពី​រឿង​អ្វី?»។ ខ្លះ​ទៀត​ពោល​ថា៖ «ប្រហែល​គាត់​ជា​អ្នក​ឃោស‌នា​អំពី​ព្រះ​របស់​សាសន៍​បរទេស​ទេ​ដឹង!»។ គេ​ពោល​ដូច្នេះ មក​ពី​ឮ​លោក​ប៉ូល​និយាយ​ពី​ដំណឹង‌ល្អ*​ស្ដី​អំពី​ព្រះ‌យេស៊ូ និង​អំពី​ការ​រស់​ឡើង​វិញ។

សូមអានជំពូកពេញលេញ កិច្ចការ 17