គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 16:29-40 Khmer Standard Version (KHSV)

29. ឆ្មាំ​គុក​សុំ​ឲ្យ​គេ​យក​ភ្លើង​មក រួច​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​គុក។ គាត់​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល និង​លោក​ស៊ីឡាស ទាំង​ញាប់‌ញ័រ។

30. គាត់​នាំ​លោក​ទាំង​ពីរ​ចេញ​មក​ក្រៅ ពោល​ថា៖ «លោក​ម្ចាស់! តើ​ខ្ញុំ​ប្របាទ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ?»។

31. លោក​តប​ទៅ​គាត់​វិញ​ថា៖ «សូម​ជឿ​លើ​ព្រះ‌អម្ចាស់‌យេស៊ូ​ទៅ នោះ​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​លោក ព្រម​ទាំង​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ»។

32. បន្ទាប់​មក លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ប្រាប់​គាត់ និង​ប្រាប់​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ផ្ទះ​គាត់។

33. ពេល​នោះ ឆ្មាំ​គុក​នាំ​លោក​ទាំង​ពីរ​មក​លាង​ស្នាម​របួស​ទាំង​យប់ ហើយ​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់ ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ភ្លាម។

34. គាត់​បាន​នាំ​លោក​ទាំង​ពីរ​ឡើង​ទៅ​ផ្ទះ​គាត់ រៀបចំ​ម្ហូប​អាហារ​ជូន។ គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​អំណរ​សប្បាយ ដោយ​បាន​ជឿ​លើ​ព្រះ‌ជាម្ចាស់។

35. លុះ​ភ្លឺ​ឡើង ពួក​អាជ្ញា‌ធរ​បាន​ចាត់​តម្រួត​ឲ្យ​ទៅ​ប្រាប់​ឆ្មាំ​គុក​ថា៖ «ចូរ​ដោះ​លែង​អ្នក​ទាំង​នោះ​ទៅ!»។

36. ឆ្មាំ​គុក​បាន​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​លោក​ប៉ូល​ថា៖ «ពួក​អាជ្ញា‌ធរ​បាន​ចាត់​គេ​មក​ប្រាប់​ឲ្យ​ដោះ​លែង​លោក​ហើយ ដូច្នេះ សូម​លោក​ចេញ​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ»។

37. ប៉ុន្តែ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​តម្រួត​ទាំង​នោះ​ថា៖ «យើង​ជា​ជន‌ជាតិ​រ៉ូម៉ាំង គេ​បាន​វាយ​យើង​នឹង​រំពាត់​នៅ​មុខ​ប្រជុំ​ជន ដោយ​ពុំ​បាន​ជំនុំ​ជម្រះ​ជា​មុន ហើយ​ក៏​យក​យើង​មក​ដាក់​គុក​ទៀត ឥឡូវ​នេះ គេ​ចង់​ដោះ​លែង​យើង​ដោយ​ស្ងាត់ៗ! ទេ មិន​បាន​ទេ! លោក​ទាំង​នោះ​ត្រូវ​តែ​មក​ដោះ​លែង​យើង​ផ្ទាល់​តែ​ម្ដង ទើប​បាន»។

38. ពួក​តម្រួត​នាំ​ពាក្យ​នេះ​ទៅ​ជម្រាប​ពួក​អាជ្ញា‌ធរ។ កាល​ដឹង​ថា​លោក​ទាំង​ពីរ​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ពួក​អាជ្ញា‌ធរ​ភ័យ​ខ្លាច​ជា​ខ្លាំង។

39. គេ​នាំ​គ្នា​មក​អង្វរ​ករ​សុំ​ទោស​លោក​ទាំង​ពីរ រួច​ដោះ​លែង​លោក និង​អង្វរ​ឲ្យ​លោក​ចាក​ចេញ​ពី​ក្រុង​នោះ​ផង។

40. លោក​ទាំង​ពីរ​ចេញ​ពី​ទី​ឃុំ‌ឃាំង ចូល​ទៅ​ផ្ទះ​របស់​នាង​លីឌា ហើយ​បាន​ជួប​ពួក​បង‌ប្អូន ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​គេ​ទៀត​ផង រួច​ទើប​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ទៅ។

សូមអានជំពូកពេញលេញ កិច្ចការ 16