គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 16:21-32 Khmer Standard Version (KHSV)

21. គេ​នាំ​ទំនៀម‌ទម្លាប់​ផ្សេងៗ​មក​ផ្សាយ​ប្រាប់​យើង ជា​ទំនៀម‌ទម្លាប់​ដែល​យើង ជន‌ជាតិ​រ៉ូម៉ាំង គ្មាន​សិទ្ធិ​នឹង​ទទួល ឬ​អនុវត្ត​តាម​បាន​ឡើយ»។

22. បណ្ដា‌ជន​ក៏​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ទាំង​ពីរ​ដែរ។ ពួក​អាជ្ញា‌ធរ​បាន​បញ្ជា​ឲ្យ​គេ​ដោះ​សម្លៀក‌បំពាក់​លោក​ប៉ូល និង​លោក​ស៊ីឡាស​ចេញ រួច​បញ្ជា​ឲ្យ​វាយ​នឹង​រំពាត់។

23. ក្រោយ​ពី​បាន​វាយ​លោក​ទាំង​ពីរ​ច្រើន​រំពាត់​ហើយ គេ​ក៏​យក​លោក​ទៅ​ដាក់​ក្នុង​ទី​ឃុំ‌ឃាំង ទាំង​បញ្ជា​ឲ្យ​យាម​យ៉ាង​មធ្យ័ត​ផង។

24. ឆ្មាំ​គុក​ក៏​យក​លោក​ទាំង​ពីរ​ទៅ​ឃុំ​ក្នុង​គុក​ងងឹត និង​ដាក់​ខ្នោះ​ជើង តាម​បញ្ជា​ដែល​គាត់​បាន​ទទួល។

25. ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ លោក​ប៉ូល និង​លោក​ស៊ីឡាស នាំ​គ្នា​អធិស្ឋាន និង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់។ អ្នក​ទោស​ឯ​ទៀតៗ​ស្ដាប់​លោក​ទាំង​ពីរ។

26. រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែន‌ដី​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​កក្រើក​ដល់​គ្រឹះ​ទី​ឃុំ‌ឃាំង ទ្វារ​គុក​ទាំង​ប៉ុន្មាន​ក៏​របើក​ឡើង​ភ្លាម រីឯ​ច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​ក៏​របូត​ចេញ​អស់​ដែរ។

27. ពេល​នោះ ឆ្មាំ​គុក​ភ្ញាក់​ឡើង លុះ​គាត់​ឃើញ​ទ្វារ​គុក​របើក​ដូច្នេះ គាត់​ក៏​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ព្រោះ​នឹក​ស្មាន​ថា​អ្នក​ទោស​រត់​បាត់​អស់​ហើយ។

28. ប៉ុន្តែ លោក​ប៉ូល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «កុំ​ធ្វើ​បាប​ខ្លួន​អី យើង​ទាំង​អស់​គ្នា​នៅ​ឯ​នេះ​ទេ!»។

29. ឆ្មាំ​គុក​សុំ​ឲ្យ​គេ​យក​ភ្លើង​មក រួច​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​គុក។ គាត់​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល និង​លោក​ស៊ីឡាស ទាំង​ញាប់‌ញ័រ។

30. គាត់​នាំ​លោក​ទាំង​ពីរ​ចេញ​មក​ក្រៅ ពោល​ថា៖ «លោក​ម្ចាស់! តើ​ខ្ញុំ​ប្របាទ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ?»។

31. លោក​តប​ទៅ​គាត់​វិញ​ថា៖ «សូម​ជឿ​លើ​ព្រះ‌អម្ចាស់‌យេស៊ូ​ទៅ នោះ​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​លោក ព្រម​ទាំង​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ»។

32. បន្ទាប់​មក លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ប្រាប់​គាត់ និង​ប្រាប់​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ផ្ទះ​គាត់។

សូមអានជំពូកពេញលេញ កិច្ចការ 16