15. បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាង ដោយពោលថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំឲ្យយើងយល់ព្រម តាមសេចក្ដីអញ្ជើញរបស់នាង។
16. មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងអធិស្ឋាន* មានស្រីបម្រើគេម្នាក់មកជួបយើង នាងមានអារក្សភីថង់ចូល នាំឲ្យនាងចេះទាយ ធ្វើឲ្យពួកម្ចាស់របស់នាងបានទទួលកំរៃយ៉ាងច្រើន។
17. នាងដើរតាមក្រោយលោកប៉ូល និងយើង ទាំងស្រែកថា៖ «លោកទាំងនេះជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកនាំដំណឹងអំពីមាគ៌ានៃការសង្គ្រោះមកប្រាប់អ្នករាល់គ្នា»។
18. នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្តជាខ្លាំង ក៏ងាកទៅក្រោយ បញ្ជាវិញ្ញាណអាក្រក់ថា៖ «ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ* ចូរចេញពីនាងទៅ!»។ វិញ្ញាណអាក្រក់ក៏ចេញពីនាងភ្លាម។
19. កាលពួកម្ចាស់របស់ស្រីបម្រើនោះឃើញថាលែងមានសង្ឃឹមនឹងបានកំរៃអ្វីទៀត គេក៏នាំគ្នាចាប់លោកប៉ូល និងលោកស៊ីឡាស អូសយកទៅជូនចៅក្រមនៅលានសាធារណៈ ក្នុងទីក្រុង។
20. ចៅក្រមនាំលោកទាំងពីរទៅជួបពួកអាជ្ញាធរ ពោលថា៖ «ជនជាតិយូដាទាំងនេះបង្កឲ្យមានចលាចលនៅក្នុងក្រុងយើង។
21. គេនាំទំនៀមទម្លាប់ផ្សេងៗមកផ្សាយប្រាប់យើង ជាទំនៀមទម្លាប់ដែលយើង ជនជាតិរ៉ូម៉ាំង គ្មានសិទ្ធិនឹងទទួល ឬអនុវត្តតាមបានឡើយ»។
22. បណ្ដាជនក៏លើកគ្នាមកប្រឆាំងនឹងលោកទាំងពីរដែរ។ ពួកអាជ្ញាធរបានបញ្ជាឲ្យគេដោះសម្លៀកបំពាក់លោកប៉ូល និងលោកស៊ីឡាសចេញ រួចបញ្ជាឲ្យវាយនឹងរំពាត់។