គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 16:14-21 Khmer Standard Version (KHSV)

14. មាន​ស្ត្រី​ម្នាក់​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ឈ្មោះ​លីឌា ជា​អ្នក​ស្រុក​ធាទេ‌រ៉ា និង​ជា​ឈ្មួញ​ក្រណាត់​ពណ៌​ក្រហម​ដ៏​មាន​តម្លៃ។ ពេល​នោះ នាង​ផ្ទៀង​ត្រចៀក​ស្ដាប់ ព្រះ‌អម្ចាស់​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍។

15. បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជា​មួយ​ក្រុម​គ្រួសារ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​ព្រះ‌អម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ឯ​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ!»។ នាង​បាន​ទទូច​សុំ​ឲ្យ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។

16. មាន​ថ្ងៃ​មួយ ពេល​យើង​ធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន* មាន​ស្រី​បម្រើ​គេ​ម្នាក់​មក​ជួប​យើង នាង​មាន​អារក្ស​ភីថង់​ចូល នាំ​ឲ្យ​នាង​ចេះ​ទាយ ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​បាន​ទទួល​កំរៃ​យ៉ាង​ច្រើន។

17. នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ​មក​ប្រាប់​អ្នក​រាល់​គ្នា»។

18. នាង​ធ្វើ​បែប​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ដោយ​លោក​ប៉ូល​ទាស់​ចិត្ត​ជា​ខ្លាំង ក៏​ងាក​ទៅ​ក្រោយ បញ្ជា​វិញ្ញាណ​អាក្រក់​ថា៖ «ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ដ* ចូរ​ចេញ​ពី​នាង​ទៅ!»។ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ពី​នាង​ភ្លាម។

19. កាល​ពួក​ម្ចាស់​របស់​ស្រី​បម្រើ​នោះ​ឃើញ​ថា​លែង​មាន​សង្ឃឹម​នឹង​បាន​កំរៃ​អ្វី​ទៀត គេ​ក៏​នាំ​គ្នា​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស អូស​យក​ទៅ​ជូន​ចៅ‌ក្រម​នៅ​លាន​សាធារណៈ ក្នុង​ទីក្រុង។

20. ចៅ‌ក្រម​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​អាជ្ញា‌ធរ ពោល​ថា៖ «ជន‌ជាតិ​យូដា​ទាំង​នេះ​បង្ក​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​ក្រុង​យើង។

21. គេ​នាំ​ទំនៀម‌ទម្លាប់​ផ្សេងៗ​មក​ផ្សាយ​ប្រាប់​យើង ជា​ទំនៀម‌ទម្លាប់​ដែល​យើង ជន‌ជាតិ​រ៉ូម៉ាំង គ្មាន​សិទ្ធិ​នឹង​ទទួល ឬ​អនុវត្ត​តាម​បាន​ឡើយ»។

សូមអានជំពូកពេញលេញ កិច្ចការ 16