1. លោកប៉ូលធ្វើដំណើរទៅដល់ក្រុងឌើបេ រួចទៅដល់ក្រុងលីស្ដ្រា។ នៅក្រុងលីស្ដ្រានោះ មានសិស្ស*មួយរូបឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក
2. គាត់មានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមបងប្អូននៅក្រុងលីស្ដ្រា និងបងប្អូននៅក្រុងអ៊ីកូនាម។
3. លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយដែរ។ លោកក៏យកគាត់មកធ្វើពិធីកាត់ស្បែក*ឲ្យ ព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។
4. នៅតាមក្រុងនានា ដែលពួកលោកប៉ូលធ្វើដំណើរកាត់ លោកបានប្រាប់អ្នកជឿឲ្យដឹងអំពីសេចក្ដីសម្រេចរបស់ក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យ* នៅក្រុងយេរូសាឡឹម ហើយសុំឲ្យគេអនុវត្តតាម។
5. ក្រុមជំនុំនានាក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។
6. ព្រះវិញ្ញាណដ៏វិសុទ្ធ*បានឃាត់ពួកលោកប៉ូល មិនឲ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ ហេតុនេះហើយបានជាលោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគា និងដែនដីកាឡាទី។
7. ពេលទៅដល់ជិតស្រុកមីស៊ា លោកមានបំណងទៅស្រុកប៊ីធូនា ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូពុំអនុញ្ញាតឲ្យទៅទេ។
8. ដូច្នេះ លោកក៏នាំគ្នាឆ្លងកាត់ស្រុកមីស៊ាទៅដល់ក្រុងត្រូអាស។
9. នៅពេលយប់ លោកប៉ូលបាននិមិត្តឃើញអ្នកស្រុកម៉ាសេដូនម្នាក់ ឈរអង្វរលោកថា៖ «សូមលោកឆ្លងមកស្រុកម៉ាសេដូន ជួយយើងខ្ញុំផង!»។
10. ក្រោយពេលលោកបានឃើញនិមិត្តហេតុអស្ចារ្យនេះហើយ យើងក៏រូតរះចេញដំណើរទៅស្រុកម៉ាសេដូន ព្រោះយើងជឿជាក់ថា ព្រះជាម្ចាស់ត្រាស់ហៅយើងឲ្យទៅផ្សព្វផ្សាយដំណឹងល្អដល់អ្នកស្រុកនោះ។
11. នៅក្រុងត្រូអាស យើងបានចុះសំពៅ ធ្វើដំណើរតម្រង់ឆ្ពោះទៅកោះសាម៉ូត្រាសតែម្ដង។ ស្អែកឡើង យើងបានទៅដល់ក្រុងនាប៉ូល
12. រួចយើងចេញដំណើរពីក្រុងនោះឆ្ពោះទៅក្រុងភីលីព ជាក្រុងធំជាងគេក្នុងស្រុកម៉ាសេដូន ហើយជាក្រុងដែលមានឯកសិទ្ធិពិសេសនៅក្នុងចក្រភពរ៉ូម៉ាំង។ យើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។
13. នៅថ្ងៃសប្ប័ទ* យើងបានចេញទៅខាងក្រៅទ្វារក្រុង សំដៅទៅមាត់ស្ទឹងមួយ ដោយនឹកគិតថានឹងមានកន្លែងអធិស្ឋាន*។ យើងក៏នាំគ្នាអង្គុយ ហើយនិយាយជាមួយពួកស្ត្រីដែលមកជួបជុំគ្នានៅទីនោះ។