គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 16:1-12 Khmer Standard Version (KHSV)

1. លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ឌើបេ រួច​ទៅ​ដល់​ក្រុង​លីស្ដ្រា។ នៅ​ក្រុង​លីស្ដ្រា​នោះ មាន​សិស្ស*​មួយ​រូប​ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់​ជា​អ្នក​ជឿ ឪពុក​គាត់​ជា​សាសន៍​ក្រិក

2. គាត់​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ក្នុង​ចំណោម​បង‌ប្អូន​នៅ​ក្រុង​លីស្ដ្រា និង​បង‌ប្អូន​នៅ​ក្រុង​អ៊ីកូ‌នាម។

3. លោក​ប៉ូល​មាន​បំណង​នាំ​គាត់​រួម​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​ក៏​យក​គាត់​មក​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ ព្រោះ​យោគ‌យល់​ដល់​សាសន៍​យូដា​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា​ឪពុក​គាត់​ជា​សាសន៍​ក្រិក។

4. នៅ​តាម​ក្រុង​នានា ដែល​ពួក​លោក​ប៉ូល​ធ្វើ​ដំណើរ​កាត់ លោក​បាន​ប្រាប់​អ្នក​ជឿ​ឲ្យ​ដឹង​អំពី​សេចក្ដី​សម្រេច​របស់​ក្រុម​សាវ័ក* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ* នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​សុំ​ឲ្យ​គេ​អនុវត្ត​តាម។

5. ក្រុម‌ជំនុំ​នានា​ក៏​មាន​ជំនឿ​កាន់​តែ​មាំ‌មួន​រៀង​រាល់​ថ្ងៃ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ជា​លំដាប់។

6. ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​បាន​ឃាត់​ពួក​លោក​ប៉ូល មិន​ឲ្យ​ទៅ​ប្រកាស​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ដី​កាឡាទី។

7. ពេល​ទៅ​ដល់​ជិត​ស្រុក​មីស៊ា លោក​មាន​បំណង​ទៅ​ស្រុក​ប៊ីធូ‌នា ប៉ុន្តែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ​ពុំ​អនុញ្ញាត​ឲ្យ​ទៅ​ទេ។

8. ដូច្នេះ លោក​ក៏​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​មីស៊ា​ទៅ​ដល់​ក្រុង​ត្រូអាស។

9. នៅ​ពេល​យប់ លោក​ប៉ូល​បាន​និមិត្ត​ឃើញ​អ្នក​ស្រុក​ម៉ាសេ‌ដូន​ម្នាក់ ឈរ​អង្វរ​លោក​ថា៖ «សូម​លោក​ឆ្លង​មក​ស្រុក​ម៉ាសេ‌ដូន ជួយ​យើង​ខ្ញុំ​ផង!»។

10. ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ​នេះ​ហើយ យើង​ក៏​រូត‌រះ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន ព្រោះ​យើង​ជឿ​ជាក់​ថា ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​យើង​ឲ្យ​ទៅ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ស្រុក​នោះ។

11. នៅ​ក្រុង​ត្រូអាស យើង​បាន​ចុះ​សំពៅ ធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​កោះ​សាម៉ូ‌ត្រាស​តែ​ម្ដង។ ស្អែក​ឡើង យើង​បាន​ទៅ​ដល់​ក្រុង​នាប៉ូល

12. រួច​យើង​ចេញ​ដំណើរ​ពី​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​ភីលីព ជា​ក្រុង​ធំ​ជាង​គេ​ក្នុង​ស្រុក​ម៉ាសេ‌ដូន ហើយ​ជា​ក្រុង​ដែល​មាន​ឯក‌សិទ្ធិ​ពិសេស​នៅ​ក្នុង​ចក្រភព​រ៉ូម៉ាំង។ យើង​បាន​ស្នាក់​នៅ​ក្រុង​នោះ​ជា​ច្រើន​ថ្ងៃ។

សូមអានជំពូកពេញលេញ កិច្ចការ 16