គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 13:44-52 Khmer Standard Version (KHSV)

44. នៅ​ថ្ងៃ​សប្ប័ទ​បន្ទាប់​មក​ទៀត ប្រជា‌ជន​នៅ​ក្រុង​នោះ​បាន​មក​ជួប‌ជុំ ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ស្ទើរ​តែ​ទាំង​អស់​គ្នា។

45. កាល​ជន‌ជាតិ​យូដា​ឃើញ​មហា‌ជន​ដូច្នោះ គេ​មាន​ចិត្ត​ច្រណែន​ជា​ខ្លាំង ក៏​នាំ​គ្នា​និយាយ​ជំទាស់​នឹង​ពាក្យ​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍ ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​លោក​ទៀត​ផង។

46. លោក​ប៉ូល និង​លោក​បារណា‌បាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ត​អង់‌អាច​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដល់​បង‌ប្អូន។ ប៉ុន្តែ ដោយ​បង‌ប្អូន​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល​នេះ ហើយ​ដោយ​បង‌ប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ

47. ដ្បិត​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ថា:“យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា និង​ឲ្យ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់ ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី” »។

48. កាល​សាសន៍​ដទៃ​ឮ​ដូច្នោះ គេ​មាន​អំណរ​រីក‌រាយ ហើយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​តម្រូវ​ឲ្យ​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច ក៏​នាំ​គ្នា​ជឿ​ដែរ។

49. ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ឮ​សុស‌សាយ ក្នុង​ស្រុក​នោះ​ទាំង​មូល។

50. ប៉ុន្តែ សាសន៍​យូដា​បាន​ញុះ‌ញង់​ស្ត្រីៗ​មាន​ឋានៈ​ខ្ពង់‌ខ្ពស់ ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ និង​ញុះ‌ញង់​ពួក​នាម៉ឺន​នៅ​ក្រុង​នោះ ឲ្យ​លើក​គ្នា​ទៅ​បៀត‌បៀន​លោក​ប៉ូល និង​លោក​បារណា‌បាស ព្រម​ទាំង​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ដែន​ដី​របស់​គេ​ផង។

51. លោក​ប៉ូល និង​លោក​បារណា‌បាស ក៏​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​លោក រួច​ធ្វើ​ដំណើរ​ទៅ​ក្រុង​អ៊ីកូ‌នាម។

52. រីឯ​ពួក​សិស្ស*​នៅ​អន់‌ទី‌យ៉ូក​វិញ គេ​បាន​ពោរ‌ពេញ​ដោយ​អំណរ និង​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*។

សូមអានជំពូកពេញលេញ កិច្ចការ 13