គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 13:30-46 Khmer Standard Version (KHSV)

30. ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​រស់​ឡើង​វិញ។

31. ព្រះ‌យេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​អស់​អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ព្រះ‌អង្គ ពី​ស្រុក​កាលី‌ឡេ​ទៅ​ក្រុង​យេរូ‌សាឡឹម ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ធ្វើ​ជា​បន្ទាល់​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទៀត​ផង។

32. រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​សូម​ជូន​ដំណឹង‌ល្អ​នេះ​ប្រាប់​បង‌ប្អូន​ថា ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង

33. ព្រះ‌អង្គ​បាន​ធ្វើ​តាម ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ទាំង​នោះ​ហើយ គឺ​ព្រះ‌អង្គ​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​ចែង​ទុក​ក្នុង​ទំនុក‌តម្កើង​ទី​ពីរ​ថា: ព្រះ‌អង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ដែល​បាន​បង្កើត​ព្រះ‌អង្គ​មក នៅ​ថ្ងៃ​នេះ ។

34. ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ព្រះ​សព​ព្រះ‌អង្គ​ត្រូវ​រលួយ​ឡើយ ដូច​មាន​ចែង​ទុក​មក​ថា: អ្វីៗ​ដ៏‌វិសុទ្ធ* និង​ដ៏​ជា​ទី​ទុក​ចិត្ត ដែល​យើង​បាន​សន្យា​ថា​នឹង​ឲ្យ​ដាវីឌ យើង​នឹង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ។

35. ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​ក្នុង​អត្ថ‌បទ​គម្ពីរ​មួយ​ទៀត​ថា: ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​សព​អ្នក​បម្រើ ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ រលួយ​ឡើយ។

36. ព្រះ‌បាទ​ដាវីឌ​បាន​បម្រើ​ព្រះ‌ជាម្ចាស់ តាម​គម្រោង‌ការ​ព្រះ‌អង្គ​នៅ​ជំនាន់​នោះ រួច​សោយ​ទិវង្គត​ទៅ។ គេ​បាន​បញ្ចុះ​សព​ព្រះ‌បាទ​ដាវីឌ​ក្នុង​ផ្នូរ ជា​មួយ​ព្រះ‌អយ្យ‌កោ ហើយ​សព​របស់​ទ្រង់​ក៏​បាន​រលួយ​អស់​ដែរ។

37. រីឯ​ព្រះ‌យេស៊ូ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នោះ ព្រះ​សព​របស់​ព្រះ‌អង្គ​ពុំ​បាន​រលួយ​ទេ។

38. ដូច្នេះ បង‌ប្អូន​អើយ! សូម​បង‌ប្អូន​ជ្រាប​ឲ្យ​ច្បាស់​ថា ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​បង‌ប្អូន​រួច​ពី​បាប តាម​រយៈ​ព្រះ‌យេស៊ូ ដូច​យើង​បាន​ជម្រាប​មក​ស្រាប់។ បង‌ប្អូន​ពុំ​អាច​ទៅ​ជា​មនុស្ស​សុចរិត* រួច​ផុត​អំពើ​បាប​ទាំង​ប៉ុន្មាន ដោយ​គោរព​តាម​វិន័យ​របស់​លោក​ម៉ូសេ​បាន​ឡើយ។

39. ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​អស់​អ្នក​ជឿ​បាន​សុចរិត តាម​រយៈ​ព្រះ‌យេស៊ូ។

40. ហេតុ​នេះ​សូម​បង‌ប្អូន​ប្រយ័ត្ន ក្រែង​ត្រូវ​តាម​សេចក្ដី​ដែល​ព្យាការី*​ថ្លែង​ទុក​មក​ថា:

41. “មនុស្ស​ដែល​ចេះ​តែ​មើល‌ងាយ​គេ​អើយ! ចូរ​នាំ​គ្នា​មើល ហើយ​ងឿង‌ឆ្ងល់ រួច​វិនាស​បាត់​ទៅ​ចុះ! ដ្បិត​យើង​នឹង​ធ្វើ​កិច្ចការ​មួយ​នៅ​ជំនាន់ របស់​អ្នក​រាល់​គ្នា ជា​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​មិន​ជឿ ទោះ​បី​ជា​គេ​រៀប​រាប់​ប្រាប់​អ្នក​រាល់​គ្នា ក៏​ដោយ” »។

42. ពេល​លោក​ប៉ូល និង​លោក​បារណា‌បាស​ចេញ​ពី​សាលា​ប្រជុំ ពួក​គេ​បាន​អញ្ជើញ​លោក​ឲ្យ​មាន​ប្រសាសន៍​អំពី​សេចក្ដី​ទាំង​នេះ នៅ​ថ្ងៃ​សប្ប័ទ*​ខាង​មុខ​ទៀត។

43. លុះ​អង្គ​ប្រជុំ​បែក​គ្នា​ហើយ មាន​សាសន៍​យូដា និង​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​នាក់ ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ នាំ​គ្នា​ទៅ​តាម​លោក​ប៉ូល និង​លោក​បារណា‌បាស។ លោក​ទាំង​ពីរ​បាន​សន្ទនា​ជា​មួយ​ពួក​គេ ហើយ​ក្រើន​រំឭក​គេ​ឲ្យ​នៅ​ខ្ជាប់​ខ្ជួន​នឹង​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ជា‌និច្ច។

44. នៅ​ថ្ងៃ​សប្ប័ទ​បន្ទាប់​មក​ទៀត ប្រជា‌ជន​នៅ​ក្រុង​នោះ​បាន​មក​ជួប‌ជុំ ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ស្ទើរ​តែ​ទាំង​អស់​គ្នា។

45. កាល​ជន‌ជាតិ​យូដា​ឃើញ​មហា‌ជន​ដូច្នោះ គេ​មាន​ចិត្ត​ច្រណែន​ជា​ខ្លាំង ក៏​នាំ​គ្នា​និយាយ​ជំទាស់​នឹង​ពាក្យ​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍ ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​លោក​ទៀត​ផង។

46. លោក​ប៉ូល និង​លោក​បារណា‌បាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ត​អង់‌អាច​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដល់​បង‌ប្អូន។ ប៉ុន្តែ ដោយ​បង‌ប្អូន​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល​នេះ ហើយ​ដោយ​បង‌ប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ

សូមអានជំពូកពេញលេញ កិច្ចការ 13