គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 13:13-26 Khmer Standard Version (KHSV)

13. លោក​ប៉ូល និង​មិត្ត‌ភក្ដិ​របស់​លោក បាន​ចុះ​សំពៅ​ពី​ក្រុង​ប៉ាផូស​ឆ្ពោះ​ទៅ​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាមភី‌លា។ ពេល​នោះ លោក​យ៉ូហាន​បាន​បែក​ចេញ​ពី​ពួក​គេ វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

14. រីឯ​លោក​ប៉ូល និង​មិត្ត‌ភក្ដិ​របស់​លោក បាន​បន្ត​ដំណើរ​ពី​ក្រុង​ពើកា រហូត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក ក្នុង​ស្រុក​ពីស៊ី‌ឌា។ នៅ​ថ្ងៃ​សប្ប័ទ* លោក​ទាំង​ពីរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ*។

15. បន្ទាប់​ពី​បាន​អាន​គម្ពីរ‌វិន័យ* និង​គម្ពីរ​ព្យាការី*​រួច​ហើយ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ សុំ​ឲ្យ​គេ​ជម្រាប​ពួក​លោក​ប៉ូល​ថា៖ «បង‌ប្អូន​អើយ! បើ​បង‌ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត​ប្រជា‌ជន សូម​មាន​ប្រសាសន៍​មក​ចុះ»។

16. លោក​ប៉ូល​ក្រោក​ឡើង​លើក​ដៃ​ធ្វើ​សញ្ញា ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ជម្រាប​បង‌ប្អូន​ជន‌ជាតិ​អ៊ីស្រា‌អែល និង​បង‌ប្អូន​ដែល​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ សូម​ជ្រាប!

17. ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ជ្រើស​រើស​បុព្វបុរស​របស់​យើង និង​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ​នេះ​បាន​ចម្រើន​ឡើង នៅ​ពេល​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​អេស៊ីប។ បន្ទាប់​មក ព្រះ‌អង្គ​បាន​នាំ​គេ​ចេញ​ពី​ប្រទេស​នោះ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។

18. ព្រះ‌អង្គ​បាន​ផ្គត់‌ផ្គង់​គេ​អស់​រយៈ​ពេល​ប្រមាណ​សែ‌សិប​ឆ្នាំ នៅ​វាល​រហោ‌ស្ថាន។

19. ក្រោយ​ពី​ព្រះ‌អង្គ​រំលាយ​ជាតិ​សាសន៍​ទាំង​ប្រាំ‌ពីរ​នៅ​ស្រុក​កាណាន​រួច​ហើយ ព្រះ‌អង្គ​បាន​ប្រទាន​ទឹក​ដី​នោះ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ធ្វើ​ជា​កម្មសិទ្ធិ។

20. ហេតុ‌ការណ៍​ទាំង​នោះ​កើត​មាន​ក្នុង​អំឡុង​ពេល​ប្រមាណ​បួន​រយ​ហា‌សិប​ឆ្នាំ។ ក្រោយ​មក ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​អ្នក​គ្រប់‌គ្រង​រហូត​ដល់​ជំនាន់​ព្យាការី​សាំយូ‌អែល។

21. បន្ទាប់​មក​ទៀត គេ​បាន​នាំ​គ្នា​ទូល​សូម​ស្ដេច​មួយ​អង្គ ព្រះ‌ជាម្ចាស់​ក៏​ប្រទាន​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ*​បេន‌យ៉ាមីន ឲ្យ​គ្រង​រាជ្យ​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

22. ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ព្រះ‌បាទ​សូល ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ។ ព្រះ‌អង្គ​ប្រទាន​សក្ខីភាព​អំពី​ព្រះ‌បាទ​ដាវីឌ​នេះ​ថា: “យើង​រក​បាន​មនុស្ស​ម្នាក់​ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ដាវីឌ​ជា​បុត្រ​របស់​អ៊ីសាយ ដ្បិត​ដាវីឌ​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង”។

23. ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌យេស៊ូ​កើត​មក និង​ធ្វើ​ជា​ព្រះ‌សង្គ្រោះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។

24. មុន​នឹង​ព្រះ‌យេស៊ូ​យាង​មក​ដល់ លោក​យ៉ូហាន​បាន​ប្រកាស​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​កែ​ប្រែ​ចិត្ត​គំនិត ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក។

25. ពេល​លោក​យ៉ូហាន​បំពេញ​មុខ‌ងារ​របស់​លោក​ចប់​សព្វ​គ្រប់​ហើយ លោក​មាន​ប្រសាសន៍​ថា: “ខ្ញុំ​នេះ​មិន​មែន​ជា​អ្នក ដែល​បង‌ប្អូន​ទន្ទឹង​រង់‌ចាំ​នោះ​ទេ។ ឥឡូវ​នេះ មាន​លោក​ម្នាក់​មក​តាម​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ បើ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង”។

26. បង‌ប្អូន​ជា​ពូជ‌ពង្ស​លោក​អប្រាហាំ និង​បង‌ប្អូន​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​អើយ! ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ស្ដី​អំពី​ការ​សង្គ្រោះ មក​ឲ្យ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ

សូមអានជំពូកពេញលេញ កិច្ចការ 13