គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 12:1-13 Khmer Standard Version (KHSV)

1. នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូដ​ចាប់​ផ្ដើម​បៀត‌បៀន​សមាជិក​ខ្លះ​នៃ​ក្រុម‌ជំនុំ*។

2. ទ្រង់​បាន​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​យ៉ាកុប ជា​បង​របស់​លោក​យ៉ូហាន។

3. ដោយ​យល់​ឃើញ​ថា​ជន‌ជាតិ​យូដា​ពេញ​ចិត្ត ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់​លោក​ពេត្រុស​ថែម​ទៀត។ ពេល​នោះ ជា​ពេល​បុណ្យ​នំប៉័ង​ឥត​មេ*។

4. ក្រោយ​ពី​បាន​ចាប់​លោក​ពេត្រុស​យក​ទៅ​ឃុំ‌ឃាំង​រួច​ហើយ ស្ដេច​ក៏​បញ្ជា​ឲ្យ​ទាហាន​បួន​ក្រុម​យាម​លោក ក្នុង​ក្រុម​នីមួយៗ​មាន​គ្នា​បួន​នាក់។ ព្រះ‌បាទ​ហេរ៉ូដ​មាន​បំណង​នឹង​កាត់​ទោស​លោក​នៅ​មុខ​ប្រជា‌ជន ក្រោយ​បុណ្យ​ចម្លង*។

5. ដូច្នេះ លោក​ពេត្រុស​ក៏​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំ‌ឃាំង​នៅ​ពេល​នោះ​ទៅ។ ក្រុម‌ជំនុំ​បាន​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឥត​ស្រាក‌ស្រាន្ត សូម​ព្រះ‌អង្គ​ជួយ​លោក។

6. នៅ​យប់​មុន​ពេល​ដែល​ព្រះ‌បាទ​ហេរ៉ូដ​យក​លោក​ពេត្រុស​ទៅ​កាត់​ទោស លោក​សម្រាន្ដ ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ​ផង មាន​ទាហាន​ពីរ​នាក់​នៅ​អម​សង​ខាង ហើយ​ក៏​មាន​ទាហាន​យាម​នៅ​មាត់​ទ្វារ​ពន្ធ‌នាគារ​ដែរ។

7. ពេល​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំ‌ឃាំង។ ទេវតា​ដាស់​លោក​ពេត្រុស ដោយ​កេះ​លោក​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!»។ ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។

8. ទេវតា​ពោល​មក​កាន់​លោក​ថា៖ «សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ពោល​មក​លោក​ទៀត​ថា៖ «សូម​ពាក់​អាវ​ក្រៅ ហើយ​អញ្ជើញ​មក​តាម​ខ្ញុំ»។

9. លោក​ពេត្រុស​ក៏​ចេញ​ពី​ទី​ឃុំ‌ឃាំង ដើរ​តាម​ក្រោយ​ទេវតា​ទៅ។ លោក​ពុំ​នឹក​ស្មាន​ថា​ការ​ដែល​ទេវតា​កំពុង​ធ្វើ​នេះ ជា​ការ​ពិត​ទេ លោក​ស្មាន​តែ​លោក​យល់‌សប្ដិ។

10. ទេវតា និង​លោក​ពេត្រុស​បាន​ឆ្លង​ផុត​កន្លែង​យាម​ទី​មួយ និង​កន្លែង​យាម​ទី​ពីរ ហើយ​មក​ដល់​ទ្វារ​ដែក​ដែល​បែរ​ទៅ​រក​ទីក្រុង ទ្វារ​នោះ​របើក​នៅ​មុខ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ដើរ​ទៅ​តាម​ដង​ផ្លូវ​មួយ ហើយ​រំពេច​នោះ ស្រាប់​តែ​ទេវតា​ចេញ​បាត់​ពី​លោក​ពេត្រុស​ទៅ។

11. លោក​ពេត្រុស​បាន​ដឹង​ខ្លួន ក៏​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ហេតុ‌ការណ៍​នេះ​ជា​ការ​ពិត​មែន ព្រះ‌អម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​មក​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ហេរ៉ូដ និង​រួច​ពី​បំណង​ដែល​ប្រជា‌ជន​យូដា​បម្រុង​ធ្វើ​មក​លើ​រូប​ខ្ញុំ»។

12. យល់​ឃើញ​ដូច្នោះ​ហើយ លោក​ក៏​ទៅ​ផ្ទះ​នាង​ម៉ារី ជា​ម្ដាយ​យ៉ូហាន ហៅ​ម៉ាកុស ជា​កន្លែង​មាន​បង‌ប្អូន​ជា​ច្រើន​កំពុង​ជួប‌ជុំ​គ្នា​អធិស្ឋាន។

13. នៅ​ពេល​លោក​គោះ​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់ ឈ្មោះ​នាង​រ៉ូដា​ចេញ​មក​សួរ

សូមអានជំពូកពេញលេញ កិច្ចការ 12