គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 5:11-22 Khmer Standard Version (KHSV)

11. បង‌ប្អូន​អើយ ចំពោះ​ខ្ញុំ​វិញ ប្រសិន​បើ​ខ្ញុំ​ប្រកាស​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក​ទៀត​នោះ ម្ដេច​ក៏​គេ​នៅ​តែ​បៀត‌បៀន​ខ្ញុំ​ទៀត? ប្រសិន​បើ​ខ្ញុំ​ប្រកាស​ដូច្នេះ ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រិស្ដ​ជាប់​ឆ្កាង​នឹង​លែង​ធ្វើ​ឲ្យ​គេ​រវាត​ចិត្ត ឃ្លាត​ចាក​ពី​ជំនឿ​ទៀត​ហើយ។

12. អ្នក​ដែល​នាំ​ឲ្យ​បង‌ប្អូន​ជ្រួល‌ច្របល់​បែប​នេះ ត្រូវ​តែ​ឲ្យ​គេ​ក្រៀវ​ខ្លួន​ឯង​តែ​ម្ដង​ទៅ។

13. បង‌ប្អូន​អើយ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឲ្យ​មាន​សេរី‌ភាព ក៏​ប៉ុន្តែ សូម​កុំ​យក​សេរី‌ភាព​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​សោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​ស្រឡាញ់

14. ដ្បិត​ក្រឹត្យ‌វិន័យ​ទាំង​មូល​សរុប​មក​ត្រឹម​តែ​ឃ្លា​មួយ​នេះ​ថា «អ្នក​ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។

15. បើ​បង‌ប្អូន​ប្រខាំ​គ្នា និង​ហែក‌ហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្ន​ក្រែង‌លោ​បង‌ប្អូន​ត្រូវ​វិនាស​អន្តរាយ ដោយ‌សារ​តែ​គ្នា​ឯង។

16. ខ្ញុំ​សូម​ជម្រាប​ថា ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​ព្រះ‌វិញ្ញាណ នោះ​បង‌ប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ត​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍​ទៀត​ឡើយ

17. ដ្បិត​បំណង​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍ តែងតែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​បំណង​ទាស់​នឹង​និស្ស័យ​លោកីយ៍​ដែរ។ និស្ស័យ​លោកីយ៍ និង​ព្រះ‌វិញ្ញាណ​ផ្ទុយ​គ្នា​ទាំង​ស្រុង ដូច្នេះ បង‌ប្អូន​ពុំ​អាច​ធ្វើ​អ្វី​ដែល​បង‌ប្អូន​ចង់​ធ្វើ​នោះ​បាន​ឡើយ។

18. ប្រសិន​បើ​ព្រះ‌វិញ្ញាណ​ណែ‌នាំ​បង‌ប្អូន បង‌ប្អូន​លែង​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ទៀត​ហើយ។

19. យើង​ស្គាល់​ច្បាស់​នូវ​អំពើ​ផ្សេងៗ ដែល​កើត​ចេញ​មក​ពី​និស្ស័យ​លោកីយ៍ គឺ​មាន​អំពើ​ប្រាស​ចាក​សីលធម៌ អំពើ​សៅ‌ហ្មង កាម‌គុណ​ថោក​ទាប

20. ការ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ វិជ្ជា​ធ្មប់ ឈ្លោះ​ប្រកែក​គ្នា បាក់​បែក​គ្នា ច្រណែន​គ្នា កំហឹង​ឃោរ‌ឃៅ ប្រកួត​ប្រជែង​គ្នា ប្រឆាំង​គ្នា ប្រកាន់​បក្ស​ពួក

21. ឈ្នានីស​គ្នា ប្រមឹក​ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត ដែល​ស្រដៀង​នឹង​អំពើ​ទាំង​នេះ​ដែរ។ ខ្ញុំ​សូម​ជម្រាប​ឲ្យ​បង‌ប្អូន​ដឹង​ជា​មុន ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​អស់​នេះ ពុំ​អាច​ទទួល​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ។

22. រីឯ​ផល​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ត ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ចិត្ត​សន្ដោស មេត្តា ជំនឿ

សូមអានជំពូកពេញលេញ កាឡាទី 5