គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 4:8-21 Khmer Standard Version (KHSV)

8. កាល​ពី​ដើម បង‌ប្អូន​ពុំ​ស្គាល់​ព្រះ‌ជាម្ចាស់​ទេ ហើយ​ក៏​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ‌នានា ដែល​មិន​មែន​ជា​ព្រះ‌ពិត​ប្រាកដ។

9. តែ​ឥឡូវ​នេះ បង‌ប្អូន​ស្គាល់​ព្រះ‌ជាម្ចាស់ បើ​និយាយ​ឲ្យ​ចំ ព្រះ‌អង្គ​បាន​ស្គាល់​បង‌ប្អូន​ហើយ ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​បែរ​ជា​វិល​ទៅ​ចុះ​ចូល​នឹង​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិ‌ពល​ក្នុង​លោកីយ៍ ហើយ​ចង់​បម្រើ​ឥទ្ធិ‌ពល​ដ៏​ទន់​ខ្សោយ គ្មាន​បារមី​ទាំង​នោះ​សា​ជា​ថ្មី​វិញ​ដូច្នេះ?

10. បើ​បង‌ប្អូន​គោរព​ថ្ងៃ​ខែ គោរព​រដូវ និង​គោរព​ឆ្នាំ។

11. ខ្ញុំ​បារម្ភ​ក្រែង​តែ​ការ​នឿយ‌ហត់​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​បង‌ប្អូន ត្រឡប់​ទៅ​ជា​ឥត​បាន​ផល​អ្វី​សោះ។

12. បង‌ប្អូន​អើយ ខ្ញុំ​អង្វរ​បង‌ប្អូន​ថា សូម​កាន់​ចិត្ត​ឲ្យ​បាន​ដូច​ខ្ញុំ ដូច​ខ្ញុំ​បាន​កាន់​ចិត្ត​ដូច​បង‌ប្អូន​ដែរ។ បង‌ប្អូន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ខ្ញុំ​ទេ។

13. បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នាំ​ដំណឹង‌ល្អ​មក​ជូន​បង‌ប្អូន​ជា​លើក​ទី​មួយ មក​ពី​ខ្ញុំ​មាន​សុខភាព​ទន់​ខ្សោយ។

14. ក៏​ប៉ុន្តែ ទោះ​បី​ជំងឺ​របស់​ខ្ញុំ​បាន​បណ្ដាល​ឲ្យ​បង‌ប្អូន​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​បង‌ប្អូន​ពុំ​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ ផ្ទុយ​ទៅ​វិញ បង‌ប្អូន​បាន​ទទួល​ខ្ញុំ​ទុក​ដូច​ទទួល​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ឬ​ដូច​ទទួល​ព្រះ‌គ្រិស្ដ‌យេស៊ូ​ដែរ។

15. តើ​អំណរ​សប្បាយ​ដែល​បង‌ប្អូន​ធ្លាប់​មាន​កាល​ពី​មុន​នោះ​នៅ​ឯ​ណា? ដ្បិត​ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា នៅ​ពេល​នោះ សូម្បី​តែ​ភ្នែក​របស់​បង‌ប្អូន​ក៏​បង‌ប្អូន​សុខ​ចិត្ត​ខ្វេះ​ឲ្យ​ខ្ញុំ​ដែរ ប្រសិន​បើ​បង‌ប្អូន​អាច​ធ្វើ​បាន។

16. ឥឡូវ​នេះ តើ​បង‌ប្អូន​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវ មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?

17. រីឯ​ពួក​គេ​វិញ គេ​យក​ចិត្ត​ទុក​ដាក់​នឹង​បង‌ប្អូន​ណាស់ តែ​ក្នុង​គោល​បំណង​មិន​ល្អ​ទេ គេ​ចង់​បំបែក​បង‌ប្អូន​ចេញ​ពី​យើង ដើម្បី​ឲ្យ​បង‌ប្អូន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​វិញ​តែ​ប៉ុណ្ណោះ។

18. ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​មាន​គោល​បំណង​ល្អ​គ្រប់​ពេល​វេលា​នោះ ត្រឹម​ត្រូវ​ហើយ គឺ​មិន​គ្រាន់​តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ។

19. កូន​ចៅ​អើយ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ការ​បង្កើត​អ្នក​រាល់​គ្នា​សា​ជា​ថ្មី ប្រៀប​បី​ដូច​ស្ត្រី​ឈឺ​ចាប់​នៅ​ពេល​ហៀប​នឹង​ឆ្លង​ទន្លេ​យ៉ាង​នោះ​ដែរ គឺ​រហូត​ទាល់​តែ​ព្រះ‌គ្រិស្ដ​បាន​កើត​ជា​រូប​រាង​ឡើង ក្នុង​អ្នក​រាល់​គ្នា។

20. ខ្ញុំ​ចង់​នៅ​ជិត​បង‌ប្អូន​ឥឡូវ​នេះ​ណាស់ ដើម្បី​និយាយ​ជា​មួយ​បង‌ប្អូន​ផ្ទាល់ តាម​របៀប​មួយ​ផ្សេង​ទៀត ដ្បិត​ខ្ញុំ​ទ័ល​គំនិត មិន​ដឹង​ជា​ត្រូវ​សរសេរ​យ៉ាង​ដូច​ម្ដេច​មក​បង‌ប្អូន​ទេ។

21. បង‌ប្អូន​ដែល​ជា​អ្នក​ចង់​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​អើយ សូម​ប្រាប់​ខ្ញុំ​មើល៍ តើ​បង‌ប្អូន​មិន​យល់​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​មក​ទេ​ឬ?

សូមអានជំពូកពេញលេញ កាឡាទី 4