គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 4:5-15 Khmer Standard Version (KHSV)

5. ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​វិន័យ និង​ឲ្យ​យើង​ទទួល​ឋានៈ​ជា​បុត្រ​របស់​ព្រះ‌អង្គ។

6. បង‌ប្អូន​ពិត​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់​មែន ព្រោះ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង គឺ​ព្រះ‌វិញ្ញាណ​នេះ​ហើយ ដែល​បន្លឺ​ព្រះ‌សូរសៀង​ឡើង​ថា «អប្បា! ឱ​ព្រះ‌បិតា!»។

7. ដូច្នេះ អ្នក​មិន​មែន​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ គឺ​អ្នក​ជា​បុត្រ​របស់​ព្រះ‌អង្គ​វិញ។ បើ​អ្នក​ជា​បុត្រ​មែន អ្នក​ក៏​ត្រូវ​ទទួល​មត៌ក​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ​ដែរ។

8. កាល​ពី​ដើម បង‌ប្អូន​ពុំ​ស្គាល់​ព្រះ‌ជាម្ចាស់​ទេ ហើយ​ក៏​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ‌នានា ដែល​មិន​មែន​ជា​ព្រះ‌ពិត​ប្រាកដ។

9. តែ​ឥឡូវ​នេះ បង‌ប្អូន​ស្គាល់​ព្រះ‌ជាម្ចាស់ បើ​និយាយ​ឲ្យ​ចំ ព្រះ‌អង្គ​បាន​ស្គាល់​បង‌ប្អូន​ហើយ ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​បែរ​ជា​វិល​ទៅ​ចុះ​ចូល​នឹង​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិ‌ពល​ក្នុង​លោកីយ៍ ហើយ​ចង់​បម្រើ​ឥទ្ធិ‌ពល​ដ៏​ទន់​ខ្សោយ គ្មាន​បារមី​ទាំង​នោះ​សា​ជា​ថ្មី​វិញ​ដូច្នេះ?

10. បើ​បង‌ប្អូន​គោរព​ថ្ងៃ​ខែ គោរព​រដូវ និង​គោរព​ឆ្នាំ។

11. ខ្ញុំ​បារម្ភ​ក្រែង​តែ​ការ​នឿយ‌ហត់​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​បង‌ប្អូន ត្រឡប់​ទៅ​ជា​ឥត​បាន​ផល​អ្វី​សោះ។

12. បង‌ប្អូន​អើយ ខ្ញុំ​អង្វរ​បង‌ប្អូន​ថា សូម​កាន់​ចិត្ត​ឲ្យ​បាន​ដូច​ខ្ញុំ ដូច​ខ្ញុំ​បាន​កាន់​ចិត្ត​ដូច​បង‌ប្អូន​ដែរ។ បង‌ប្អូន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ខ្ញុំ​ទេ។

13. បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នាំ​ដំណឹង‌ល្អ​មក​ជូន​បង‌ប្អូន​ជា​លើក​ទី​មួយ មក​ពី​ខ្ញុំ​មាន​សុខភាព​ទន់​ខ្សោយ។

14. ក៏​ប៉ុន្តែ ទោះ​បី​ជំងឺ​របស់​ខ្ញុំ​បាន​បណ្ដាល​ឲ្យ​បង‌ប្អូន​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​បង‌ប្អូន​ពុំ​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ ផ្ទុយ​ទៅ​វិញ បង‌ប្អូន​បាន​ទទួល​ខ្ញុំ​ទុក​ដូច​ទទួល​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ឬ​ដូច​ទទួល​ព្រះ‌គ្រិស្ដ‌យេស៊ូ​ដែរ។

15. តើ​អំណរ​សប្បាយ​ដែល​បង‌ប្អូន​ធ្លាប់​មាន​កាល​ពី​មុន​នោះ​នៅ​ឯ​ណា? ដ្បិត​ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា នៅ​ពេល​នោះ សូម្បី​តែ​ភ្នែក​របស់​បង‌ប្អូន​ក៏​បង‌ប្អូន​សុខ​ចិត្ត​ខ្វេះ​ឲ្យ​ខ្ញុំ​ដែរ ប្រសិន​បើ​បង‌ប្អូន​អាច​ធ្វើ​បាន។

សូមអានជំពូកពេញលេញ កាឡាទី 4