គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 3:9-17 Khmer Standard Version (KHSV)

9. ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ​ក៏​បាន​ទទួល​ព្រះ‌ពរ​រួម​ជា​មួយ​លោក​អប្រាហាំ ដែល​ជា​អ្នក​មាន​ជំនឿ​នោះ​ដែរ។

10. រីឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​ទេ​នោះ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ»។

11. មួយ​វិញ​ទៀត យើង​ដឹង​ច្បាស់​ថា គ្មាន​នរណា​ម្នាក់​បាន​សុចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ដោយ​ពឹង​លើ​ក្រឹត្យ‌វិន័យ​នោះ​ឡើយ ដ្បិត«មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយ‌សារ​ជំនឿ»។

12. រីឯ​ក្រឹត្យ‌វិន័យ​ប្លែក​ពី​ជំនឿ​ទាំង​ស្រុង ព្រោះ​មាន​ចែង​ថា «អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ»។

13. ដោយ​ព្រះ‌គ្រិស្ដ​បាន​ទទួល​បណ្ដា‌សា​សម្រាប់​យើង ទ្រង់​លោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដា‌សា​ដែល​មក​ពី​ក្រឹត្យ‌វិន័យ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​ជាប់​នឹង​ឈើ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ!»។

14. ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ព្រះ‌ពរ​ដែល​លោក​អប្រាហាំ​ទទួល បាន​ហូរ​ទៅ​ដល់​សាសន៍​ដទៃ តាម​រយៈ​ព្រះ‌គ្រិស្ដ‌យេស៊ូ​ដែរ ហើយ​ឲ្យ​យើង​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ប្រទាន​មក ដោយ​យើង​មាន​ជំនឿ។

15. បង‌ប្អូន​អើយ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​មួយ​មក​ជម្រាប​ថា ប្រសិន​បើ​ពាក្យ​បណ្ដាំ​របស់​មនុស្ស​មាន​ចែង​ទុក​ត្រឹម​ត្រូវ​ហើយ គ្មាន​នរណា​ម្នាក់​លុប​បំបាត់ ឬ​បន្ថែម​បន្ថយ​អ្វី​បាន​ទេ។

16. យ៉ាង​ណា‌មិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ដល់​លោក​អប្រាហាំ និង​ដល់​ពូជ‌ពង្ស​របស់​លោក។ ក្នុង​គម្ពីរ​ពុំ​មាន​ចែង​ថា «ដល់​ពូជ‌ពង្ស​ទាំង‌ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​ដ៏​ច្រើន​ឡើយ គឺ​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ: «ដល់​ពូជ‌ពង្ស​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រិស្ដ។

17. ខ្ញុំ​និយាយ​ដូច្នេះ ចង់​ពន្យល់​ថា ព្រះ‌ជាម្ចាស់​បាន​ទុក​ពាក្យ​បណ្ដាំ​មួយ​យ៉ាង​ត្រឹម​ត្រូវ​រួច​ស្រេច​ហើយ។ រីឯ​ក្រឹត្យ‌វិន័យ​ដែល​មក​ដល់​បួន​រយ​សាម‌សិប​ឆ្នាំ​ក្រោយ​មក​ទៀត​នោះ ពុំ​បាន​លុប​បំបាត់​ពាក្យ​បណ្ដាំ​របស់​ព្រះ‌អង្គ​ឡើយ បើ​ពុំ​នោះ​ទេ ព្រះ‌បន្ទូល​សន្យា​មុខ​ជា​បាត់​ខ្លឹម‌សារ​មិន​ខាន។

សូមអានជំពូកពេញលេញ កាឡាទី 3