គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 3:4-13 Khmer Standard Version (KHSV)

4. បង‌ប្អូន​មាន​ការ​ពិសោធ​យ៉ាង​ច្រើន​នោះ តើ​អសារ​ឥត​ការ​ឬ? ទេ មិន​មែន​ឥត​បាន​ការ​ឡើយ!

5. ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បង‌ប្អូន និង​បញ្ចេញ​សកម្ម‌ភាព ដោយ​សម្តែង​បាដិ‌ហារិយ៍​ផ្សេងៗ​ក្នុង​ចំណោម​បង‌ប្អូន​នោះ តើ​ព្រះ‌អង្គ​ធ្វើ​ដូច្នេះ មក​ពី​បង‌ប្អូន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​មក​ពី​បង‌ប្អូន​បាន​ជឿ​ដំណឹង‌ល្អ ដែល​បង‌ប្អូន​បាន​ស្ដាប់?

6. លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អង្គ​ប្រោស​លោក​ឲ្យ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ។

7. ដូច្នេះ​សូម​បង‌ប្អូន​យល់​ថា អ្នក​ណា​មាន​ជំនឿ អ្នក​នោះ​ហើយ​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ។

8. ក្នុង​គម្ពីរ​មាន​គ្រោង​ទុក​ជា​មុន​ថា ព្រះ‌ជាម្ចាស់​នឹង​ប្រោស​សាសន៍​ដទៃ​ឲ្យ​បាន​សុចរិត ដោយ‌សារ​ជំនឿ ហើយ​លោក​អប្រាហាំ​បាន​ទទួល​ដំណឹង‌ល្អ​នេះ​ជា​មុន​ថា«ជាតិ​សាសន៍​ទាំង​អស់​នឹង​ទទួល​ពរ ដោយ‌សារ​អ្នក»។

9. ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ​ក៏​បាន​ទទួល​ព្រះ‌ពរ​រួម​ជា​មួយ​លោក​អប្រាហាំ ដែល​ជា​អ្នក​មាន​ជំនឿ​នោះ​ដែរ។

10. រីឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​ទេ​នោះ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ»។

11. មួយ​វិញ​ទៀត យើង​ដឹង​ច្បាស់​ថា គ្មាន​នរណា​ម្នាក់​បាន​សុចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ដោយ​ពឹង​លើ​ក្រឹត្យ‌វិន័យ​នោះ​ឡើយ ដ្បិត«មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយ‌សារ​ជំនឿ»។

12. រីឯ​ក្រឹត្យ‌វិន័យ​ប្លែក​ពី​ជំនឿ​ទាំង​ស្រុង ព្រោះ​មាន​ចែង​ថា «អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ»។

13. ដោយ​ព្រះ‌គ្រិស្ដ​បាន​ទទួល​បណ្ដា‌សា​សម្រាប់​យើង ទ្រង់​លោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដា‌សា​ដែល​មក​ពី​ក្រឹត្យ‌វិន័យ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​ជាប់​នឹង​ឈើ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ!»។

សូមអានជំពូកពេញលេញ កាឡាទី 3