គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 3:13-22 Khmer Standard Version (KHSV)

13. ដោយ​ព្រះ‌គ្រិស្ដ​បាន​ទទួល​បណ្ដា‌សា​សម្រាប់​យើង ទ្រង់​លោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដា‌សា​ដែល​មក​ពី​ក្រឹត្យ‌វិន័យ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​ជាប់​នឹង​ឈើ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ!»។

14. ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ព្រះ‌ពរ​ដែល​លោក​អប្រាហាំ​ទទួល បាន​ហូរ​ទៅ​ដល់​សាសន៍​ដទៃ តាម​រយៈ​ព្រះ‌គ្រិស្ដ‌យេស៊ូ​ដែរ ហើយ​ឲ្យ​យើង​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ប្រទាន​មក ដោយ​យើង​មាន​ជំនឿ។

15. បង‌ប្អូន​អើយ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​មួយ​មក​ជម្រាប​ថា ប្រសិន​បើ​ពាក្យ​បណ្ដាំ​របស់​មនុស្ស​មាន​ចែង​ទុក​ត្រឹម​ត្រូវ​ហើយ គ្មាន​នរណា​ម្នាក់​លុប​បំបាត់ ឬ​បន្ថែម​បន្ថយ​អ្វី​បាន​ទេ។

16. យ៉ាង​ណា‌មិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ដល់​លោក​អប្រាហាំ និង​ដល់​ពូជ‌ពង្ស​របស់​លោក។ ក្នុង​គម្ពីរ​ពុំ​មាន​ចែង​ថា «ដល់​ពូជ‌ពង្ស​ទាំង‌ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​ដ៏​ច្រើន​ឡើយ គឺ​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ: «ដល់​ពូជ‌ពង្ស​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រិស្ដ។

17. ខ្ញុំ​និយាយ​ដូច្នេះ ចង់​ពន្យល់​ថា ព្រះ‌ជាម្ចាស់​បាន​ទុក​ពាក្យ​បណ្ដាំ​មួយ​យ៉ាង​ត្រឹម​ត្រូវ​រួច​ស្រេច​ហើយ។ រីឯ​ក្រឹត្យ‌វិន័យ​ដែល​មក​ដល់​បួន​រយ​សាម‌សិប​ឆ្នាំ​ក្រោយ​មក​ទៀត​នោះ ពុំ​បាន​លុប​បំបាត់​ពាក្យ​បណ្ដាំ​របស់​ព្រះ‌អង្គ​ឡើយ បើ​ពុំ​នោះ​ទេ ព្រះ‌បន្ទូល​សន្យា​មុខ​ជា​បាត់​ខ្លឹម‌សារ​មិន​ខាន។

18. ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ប្រទាន​មត៌ក​មក​មនុស្ស ព្រោះ​គេ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ បាន​សេចក្ដី​ថា គេ​មិន​ទទួល​មត៌ក​នោះ​តាម​ព្រះ‌បន្ទូល​សន្យា​ទៀត​ឡើយ។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​លោក​អប្រាហាំ ដោយ‌សារ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។

19. បើ​ដូច្នោះ តើ​ក្រឹត្យ‌វិន័យ​មាន​ប្រយោជន៍​អ្វី? ក្រឹត្យ‌វិន័យ​កើត​មាន​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​បទ​ល្មើស​របស់​មនុស្ស ហើយ​មាន​ខ្លឹម‌សារ​រហូត​ដល់​ពូជ‌ពង្ស ដែល​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ‌បន្ទូល​សន្យា​យាង​មក​ដល់។ ពួក​ទេវតា*​បាន​នាំ​យក​ក្រឹត្យ‌វិន័យ​នេះ​មក តាម​រយៈ​មនុស្ស​ម្នាក់ ដែល​ជួយ​ធ្វើ​អន្តរា‌គមន៍។

20. ប៉ុន្តែ ប្រសិន​បើ​មាន​តែ​ម្នាក់​នោះ មិន​បាច់​ឲ្យ​មាន​នរណា​ធ្វើ​អន្តរា‌គមន៍​ឡើយ។ រីឯ​ព្រះ‌ជាម្ចាស់​វិញ មាន​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ។

21. ដូច្នេះ តើ​បាន​សេចក្ដី​ថា ក្រឹត្យ‌វិន័យ​ទាស់​នឹង​ព្រះ‌បន្ទូល​សន្យា​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! ប្រសិន​បើ​ក្រឹត្យ‌វិន័យ​ដែល​មនុស្ស​បាន​ទទួល​អាច​ផ្ដល់​ជីវិត បាន​សេចក្ដី​ថា មនុស្ស​នឹង​បាន​សុចរិត​ដោយ‌សារ​ក្រឹត្យ‌វិន័យ​មែន

22. ក៏​ប៉ុន្តែ ក្នុង​គម្ពីរ​មាន​ចែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​បាប ដើម្បី​ឲ្យ​អស់​អ្នក​ជឿ​បាន​ទទួល​ផល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​គ្រិស្ដ។

សូមអានជំពូកពេញលេញ កាឡាទី 3