គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 2:7-17 Khmer Standard Version (KHSV)

7. ផ្ទុយ​ទៅ​វិញ គេ​បាន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រគល់​មុខ‌ងារ​ផ្សព្វ​ផ្សាយ​ដំណឹង‌ល្អ*​ដល់​សាសន៍​ដទៃ​មក​ឲ្យ​ខ្ញុំ ដូច​ព្រះ‌អង្គ​បាន​ប្រគល់​មុខ‌ងារ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា​ឲ្យ​លោក​ពេត្រុស​ដែរ

8. ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​ឲ្យ​លោក​ពេត្រុស​អាច​បំពេញ​មុខ‌ងារ​ជា​សាវ័ក*​សម្រាប់​សាសន៍​យូដា​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​អាច​បំពេញ​មុខ‌ងារ​ជា​សាវ័ក សម្រាប់​សាសន៍​ដទៃ​យ៉ាង​នោះ​ដែរ។

9. កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​ពួក​បង‌ប្អូន​ចាត់​ទុក​ដូច​ជា​បង្គោល​របស់​ក្រុម‌ជំនុំ បាន​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោសដល់​ខ្ញុំ​ដូច្នេះ អស់​លោក​ក៏​បាន​ចាប់​ដៃ​ខ្ញុំ និង​ចាប់​ដៃ​លោក​បារ‌ណា‌បាស ទុក​ជា​សញ្ញា​ថា យើង​រួប‌រួម​គ្នា គឺ​លោក​បារ‌ណា‌បាស និង​ខ្ញុំ​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​ដទៃ រីឯ​ពួក​លោក​វិញ លោក​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា។

10. ពួក​លោក​គ្រាន់​តែ​សុំ​ឲ្យ​យើង​គិត‌គូរ​ដល់​ជន​ក្រីក្រ ជា​កិច្ចការ​ដែល​ខ្ញុំ​ខ្នះ‌ខ្នែង​បំពេញ​ស្រាប់​ហើយ។

11. ក៏​ប៉ុន្តែ នៅ​ពេល​លោក​ពេត្រុស​បាន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ខ្ញុំ​ក៏​បាន​ជំទាស់​នឹង​លោក​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ព្រោះ​លោក​បាន​ធ្វើ​ខុស។

12. លោក​យ៉ាកុប​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​មក ហើយ​មុន​ពេល​ដែល​អ្នក​ទាំង​នោះ​មក​ដល់ លោក​ពេត្រុស​តែង​បរិភោគ​រួម​ជា​មួយ​ពួក​បង‌ប្អូន​សាសន៍​ដទៃ តែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់ លោក​បែរ​ជា​ដក​ខ្លួន​ថយ​ចេញ​ដាច់​ឡែក ពី​បង‌ប្អូន​សាសន៍​ដទៃ ព្រោះ​លោក​ខ្លាច​បង‌ប្អូន​សាសន៍​យូដា។

13. បង‌ប្អូន​សាសន៍​យូដា​ឯ​ទៀតៗ​នាំ​គ្នា​លាក់​ពុត​ដូច​លោក គឺ​សូម្បី​តែ​លោក​បារ‌ណា‌បាស​ផ្ទាល់​ក៏​ត្រូវ​គេ​អូស​ទាញ​ឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។

14. ពេល​ខ្ញុំ​ឃើញ​បង‌ប្អូន​ទាំង​នោះ​លែង​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​ហើយ​នោះ ខ្ញុំ​ក៏​ជម្រាប​លោក​ពេត្រុស​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ថា: “បើ​លោក​ដែល​ជា​សាសន៍​យូដា​លែង​ប្រព្រឹត្ត​តាម​របៀប​សាសន៍​យូដា​ទៀត តែ​បែរ​ជា​ប្រព្រឹត្ត​តាម​របៀប​សាសន៍​ដទៃ​ដូច្នេះ តើ​លោក​អាច​បង្ខំ​សាសន៍​ដទៃ​ឲ្យ​ធ្វើ​ដូច​សាសន៍​យូដា​ម្ដេច​កើត?”។

15. រីឯ​យើង​វិញ យើង​ជា​ជាតិ​យូដា​ពី​កំណើត​មក យើង​មិន​មែន​ជា​អ្នក​មាន​បាប​ដូច​សាសន៍​ដទៃ​នោះ​ទេ។

16. យើង​ដឹង​ថា ព្រះ‌ជាម្ចាស់​ពុំ​ប្រោស​មនុស្ស​ឲ្យ​បាន​សុចរិត ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ គឺ​បាន​សុចរិត​ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ​គ្រិស្ដ​វិញ។ ដូច្នេះ យើង​ក៏​បាន​ជឿ​លើ​ព្រះ‌គ្រិស្ដ‌យេស៊ូ​ដែរ ដើម្បី​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឲ្យ​បាន​សុចរិត តាម​រយៈ​ជំនឿ​របស់​ព្រះ‌គ្រិស្ដ គឺ​មិន​មែន​ដោយ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​ទេ ព្រោះ​គ្មាន​មនុស្ស​បាន​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ។

17. ប៉ុន្តែ ប្រសិន​បើ​យើង​ប្រាថ្នា​ចង់​បាន​សុចរិត​តាម​រយៈ​ព្រះ‌គ្រិស្ដ ហើយ​បែរ​ជា​ឃើញ​ថា​យើង​ជា​មនុស្ស​ជាប់​បាប​ដូច​គេ​នោះ តើ​បាន​សេចក្ដី​ថា ព្រះ‌គ្រិស្ដ​នាំ​ឲ្យ​យើង​ជាប់​បាប​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ!

សូមអានជំពូកពេញលេញ កាឡាទី 2