គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 2:1-15 Khmer Standard Version (KHSV)

1. ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ម្ដង​ទៀត​ជា​មួយ​លោក​បារ‌ណា‌បាស ទាំង​នាំ​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។

2. ខ្ញុំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ មក​ពី​ព្រះ‌ជាម្ចាស់​បំភ្លឺ​ចិត្ត​ឲ្យ​ដឹង​ថា ខ្ញុំ​ត្រូវ​ទៅ។ ខ្ញុំ​បាន​រៀប​រាប់​ប្រាប់​បង‌ប្អូន​ដែល​នៅ​ទី​នោះ​អំពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​ប្រកាស​ដល់​សាសន៍​ដទៃ ហើយ​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​អស់​លោក ជា​អ្នក​ដឹក​នាំ​ដាច់​ឡែក​ពី​គេ​ដែរ ដើម្បី​កុំ​ឲ្យ​កិច្ចការ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ ឬ​បាន​ធ្វើ​រួច​មក​ហើយ ត្រឡប់​ទៅ​ជា​អសារ​ឥត​ការ​វិញ។

3. រីឯ​លោក​ទីតុស​ដែល​ទៅ​ជា​មួយ​ខ្ញុំ ទោះ​បី​គាត់​ជា​សាសន៍​ក្រិក​ក្ដី ក៏​គេ​ពុំ​បាន​បង្ខំ​គាត់​ឲ្យ​ទទួល​ពិធី​កាត់​ស្បែក*​ដែរ

4. ថ្វី‌ដ្បិត​តែ​មាន​ពួក​បង‌ប្អូន​ក្លែង‌ក្លាយ​ជ្រៀត​ខ្លួន​ចូល​មក​ក្នុង​ចំណោម​យើង ដើម្បី​ឈ្លប​មើល​សេរី‌ភាព​ដែល​យើង​មាន​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទៅ​ជា​ទាសករវិញ។

5. យើង​ពុំ​បាន​សុខ​ចិត្ត​ធ្វើ​តាម​ពួក​គេ​ឡើយ សូម្បី​តែ​មួយ‌ភ្លែត​ក៏​មិន​ធ្វើ​តាម​ផង ដើម្បី​រក្សា​ការពារ​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​សម្រាប់​បង‌ប្អូន។

6. រីឯ​បង‌ប្អូន​ដែល​គេ​គោរព​ទុក​ជា​អ្នក​ដឹក​នាំ​នោះ​វិញ (នៅ​ពេល​នោះ គេ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​មិន​រវល់​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​មិន​រើស​មុខ​នរណា​ទេ) អ្នក​ដឹក​នាំ​ទាំង​នោះ​ពុំ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ។

7. ផ្ទុយ​ទៅ​វិញ គេ​បាន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រគល់​មុខ‌ងារ​ផ្សព្វ​ផ្សាយ​ដំណឹង‌ល្អ*​ដល់​សាសន៍​ដទៃ​មក​ឲ្យ​ខ្ញុំ ដូច​ព្រះ‌អង្គ​បាន​ប្រគល់​មុខ‌ងារ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា​ឲ្យ​លោក​ពេត្រុស​ដែរ

8. ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​ឲ្យ​លោក​ពេត្រុស​អាច​បំពេញ​មុខ‌ងារ​ជា​សាវ័ក*​សម្រាប់​សាសន៍​យូដា​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​អាច​បំពេញ​មុខ‌ងារ​ជា​សាវ័ក សម្រាប់​សាសន៍​ដទៃ​យ៉ាង​នោះ​ដែរ។

9. កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​ពួក​បង‌ប្អូន​ចាត់​ទុក​ដូច​ជា​បង្គោល​របស់​ក្រុម‌ជំនុំ បាន​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោសដល់​ខ្ញុំ​ដូច្នេះ អស់​លោក​ក៏​បាន​ចាប់​ដៃ​ខ្ញុំ និង​ចាប់​ដៃ​លោក​បារ‌ណា‌បាស ទុក​ជា​សញ្ញា​ថា យើង​រួប‌រួម​គ្នា គឺ​លោក​បារ‌ណា‌បាស និង​ខ្ញុំ​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​ដទៃ រីឯ​ពួក​លោក​វិញ លោក​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា។

10. ពួក​លោក​គ្រាន់​តែ​សុំ​ឲ្យ​យើង​គិត‌គូរ​ដល់​ជន​ក្រីក្រ ជា​កិច្ចការ​ដែល​ខ្ញុំ​ខ្នះ‌ខ្នែង​បំពេញ​ស្រាប់​ហើយ។

11. ក៏​ប៉ុន្តែ នៅ​ពេល​លោក​ពេត្រុស​បាន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ខ្ញុំ​ក៏​បាន​ជំទាស់​នឹង​លោក​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ព្រោះ​លោក​បាន​ធ្វើ​ខុស។

12. លោក​យ៉ាកុប​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​មក ហើយ​មុន​ពេល​ដែល​អ្នក​ទាំង​នោះ​មក​ដល់ លោក​ពេត្រុស​តែង​បរិភោគ​រួម​ជា​មួយ​ពួក​បង‌ប្អូន​សាសន៍​ដទៃ តែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់ លោក​បែរ​ជា​ដក​ខ្លួន​ថយ​ចេញ​ដាច់​ឡែក ពី​បង‌ប្អូន​សាសន៍​ដទៃ ព្រោះ​លោក​ខ្លាច​បង‌ប្អូន​សាសន៍​យូដា។

13. បង‌ប្អូន​សាសន៍​យូដា​ឯ​ទៀតៗ​នាំ​គ្នា​លាក់​ពុត​ដូច​លោក គឺ​សូម្បី​តែ​លោក​បារ‌ណា‌បាស​ផ្ទាល់​ក៏​ត្រូវ​គេ​អូស​ទាញ​ឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។

14. ពេល​ខ្ញុំ​ឃើញ​បង‌ប្អូន​ទាំង​នោះ​លែង​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​ហើយ​នោះ ខ្ញុំ​ក៏​ជម្រាប​លោក​ពេត្រុស​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ថា: “បើ​លោក​ដែល​ជា​សាសន៍​យូដា​លែង​ប្រព្រឹត្ត​តាម​របៀប​សាសន៍​យូដា​ទៀត តែ​បែរ​ជា​ប្រព្រឹត្ត​តាម​របៀប​សាសន៍​ដទៃ​ដូច្នេះ តើ​លោក​អាច​បង្ខំ​សាសន៍​ដទៃ​ឲ្យ​ធ្វើ​ដូច​សាសន៍​យូដា​ម្ដេច​កើត?”។

15. រីឯ​យើង​វិញ យើង​ជា​ជាតិ​យូដា​ពី​កំណើត​មក យើង​មិន​មែន​ជា​អ្នក​មាន​បាប​ដូច​សាសន៍​ដទៃ​នោះ​ទេ។

សូមអានជំពូកពេញលេញ កាឡាទី 2