ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 9 Khmer Standard Version (KHSV)

ព្រះ‌បាទ​ដាវីឌ​ទទួល​មេភី‌បូសែត​ចូល​វាំង

1. ថ្ងៃ​មួយ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «តើ​មាន​កូន​ចៅ​ណា​ម្នាក់​របស់​ព្រះ‌បាទ​សូល​នៅ​រស់​ឬ​ទេ? យើង​ចង់​សម្តែង​ចិត្ត​សប្បុរស​ចំពោះ​គេ ដោយ​យល់​ដល់​សម្ដេច​យ៉ូណា​ថាន»។

2. ក្នុង​ចំណោម​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សូល មាន​ម្នាក់​ឈ្មោះ​ស៊ីបា។ គេ​នាំ​គាត់​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌រាជា​សួរ​គាត់​ថា៖ «តើ​អ្នក​ឈ្មោះ​ស៊ីបា​ឬ?»។ គាត់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា គឺ​ទូលបង្គំ​នេះ​ហើយ»។

3. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ក្នុង​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល មាន​សល់​អ្នក​ណា​ម្នាក់​នៅ​រស់​ដែរ​ឬ​ទេ? យើង​ចង់​សម្តែង​សេចក្ដី​សប្បុរស​ដល់​គេ តាម​ពាក្យ​ដែល​យើង​បាន​សន្យា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់»។ ស៊ីបា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា មាន​កូន​ប្រុស​ម្នាក់​របស់​សម្ដេច​យ៉ូណា‌ថាន​នៅ​រស់ លោក​ខ្វិន​ជើង​ទាំង​ពីរ»។

4. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​គេ​នៅ​ឯ​ណា?»។ ស៊ីបា​ទូល​ថា៖ «លោក​ស្នាក់​នៅ​ផ្ទះ​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​អាំមាល នៅ​ក្រុង​ឡូរ‌ដេបា»។

5. ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​តាម​រក​លោក​មេភី‌បូសែត នៅ​ផ្ទះ​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​អាំ‌មាល នៅ​ក្រុង​ឡូរ‌ដេបា។

6. កាល​លោក​មេភី‌បូសែត ជា​កូន​របស់​សម្ដេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ព្រះ‌បាទ​សូល បាន​មក​ជួប​ព្រះ‌បាទ​ដាវីឌ លោក​អោន​ចុះ ក្រាប​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ស្ដេច។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​លោក​ថា៖ «អ្នក​ឈ្មោះ​មេភី‌បូសែត​មែន​ឬ?»។ លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា គឺ​ទូលបង្គំ​នេះ​ហើយ»។

7. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក ដោយ​សប្បុរស ព្រោះ​យើង​គិត​ដល់​សម្ដេច​យ៉ូណា‌ថាន ជា​ឪពុក​របស់​អ្នក។ យើង​នឹង​ប្រគល់​ដី‌ធ្លី​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ‌បាទ​សូល ជា​ជីតា​របស់​អ្នក​ឲ្យ​អ្នក​វិញ ហើយ​អ្នក​នឹង​បរិភោគ​រួម​តុ​ជា​មួយ​យើង​រៀង​រាល់​ថ្ងៃ»។

8. លោក​មេភី‌បូសែត​ក្រាប​ថ្វាយ‌បង្គំ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! តើ​ទូលបង្គំ​មាន​ឋានៈ​អ្វី​បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​ទូលបង្គំ​ម៉្លេះ ទូលបង្គំ​ប្រៀប​បាន​នឹង​ឆ្កែ​ងាប់​ប៉ុណ្ណោះ?»។

9. ពេល​នោះ ស្ដេច​ត្រាស់​ហៅ​ស៊ីបា​ជា​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សូល​មក ហើយ​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «យើង​ប្រគល់​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ‌បាទ​សូល និង​ព្រះ‌ញាតិ‌វង្ស ឲ្យ​មេភី‌បូសែត ជា​បុត្រ​របស់​ម្ចាស់​អ្នក។

10. ចូរ​អ្នក ព្រម​ទាំង​កូន​ចៅ និង​អ្នក​បម្រើ​ទាំង​អស់​របស់​អ្នក នាំ​គ្នា​ធ្វើ​ស្រែ​ចម្ការ​នោះ​ឲ្យ​មេភី‌បូសែត ហើយ​ប្រមូល​ភោគ‌ផល​ជា​ស្បៀង​អាហារ ទុក​សម្រាប់​បុត្រ​របស់​ម្ចាស់​អ្នក​ផង។ រីឯ​មេភី‌បូសែត ជា​បុត្រ​របស់​ម្ចាស់​អ្នក ត្រូវ​បរិភោគ​រួម​តុ​ជា​មួយ​យើង​រៀង​រាល់​ថ្ងៃ»។ ស៊ីបា​មាន​កូន​ប្រុស​ទាំង​អស់​ដប់​ប្រាំ​នាក់ និង​អ្នក​បម្រើ​ម្ភៃ​នាក់។

11. គាត់​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌រាជា ទូលបង្គំ​នឹង​ប្រព្រឹត្ត​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា​ជា​អម្ចាស់ តែ​លោក​មេភី‌បូសែត​មាន​ទម្លាប់​ពិសា​បាយ​រួម​តុ​ជា​មួយ​ទូលបង្គំ ដ្បិត​លោក​ជា​ពូជ‌ពង្ស​របស់​ស្ដេច»។

12. លោក​មេភី‌បូសែត​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​មីកា ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ក្នុង​គ្រួសារ​របស់​ស៊ីបា សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​លោក។

13. ដោយ​លោក​មេភី‌បូសែត​បរិភោគ​រួម​តុ​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​រៀង​រាល់​ថ្ងៃ លោក​ត្រូវ​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​មេភី‌បូសែត​ខ្វិន​ជើង​ទាំង​ពីរ។