គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 7:15-22 Khmer Standard Version (KHSV)

15. ប៉ុន្តែ យើង​នឹង​មិន​ដក​សេចក្ដី​សប្បុរស​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ពី​សូល​ដែល​យើង​បោះ​បង់​ចោល ហើយ​តែង‌តាំង​អ្នក​ជំនួស​នោះ​ទេ។

16. ពូជ‌ពង្ស និង​រាជ​សម្បត្តិ​របស់​អ្នក នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ​បល្ល័ង្ក​របស់​អ្នក​ក៏​នឹង​រឹង‌មាំ​រហូត​ត​ទៅ​ដែរ”»។

17. លោក​ណាថាន​ទូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​នោះ។

18. ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​គាល់​ព្រះ‌អម្ចាស់ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ តើ​ទូលបង្គំ និង​អំបូរ​របស់​ទូលបង្គំ​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ទទួល​ឋានៈ​ខ្ពង់‌ខ្ពស់​បែប​នេះ?

19. ប៉ុន្តែ ព្រះ‌ជា‌អម្ចាស់​អើយ ព្រះ‌អង្គ​យល់​ឃើញ​ថា នេះ​គឺ​ជា​ការ​តិច‌តួច​ទេ បាន​ជា​ព្រះ‌អង្គ​សន្យា​ដល់​កូន​ចៅ​ទូលបង្គំ ដែល​នៅ​ជំនាន់​ក្រោយៗ​ទៀត​ដែរ។ របៀប​ដែល​ព្រះ‌អង្គ​ប្រព្រឹត្ត មនុស្ស​លោក​គិត​ពុំ​ដល់​ទេ!

20. ឱ​ព្រះ‌ជា‌អម្ចាស់​អើយ តើ​ទូលបង្គំ​មាន​អ្វី​ទូល​ថ្វាយ​ព្រះ‌អង្គ​ទៀត បើ​ទ្រង់​ជ្រាប​អំពី​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ យ៉ាង​ច្បាស់​ហើយ​នោះ?

21. ព្រះ‌អង្គ​បាន​សម្តែង​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​ទាំង​នេះ​ឲ្យ​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឃើញ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា និង​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។

22. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះ‌អង្គ​ពិត​ជា​ព្រះ​ដ៏​ឧត្ដម​បំផុត! គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អង្គ​ទេ។ តាម​យើង​ខ្ញុំ​ធ្លាប់​បាន​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ព្រះ‌អង្គ ក៏​គ្មាន​ព្រះ​ឯ​ណា​ទៀត​ដែរ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 7