1. ពេលព្រះបាទដាវីឌមានវាំងគង់នៅស្រួលបួល ហើយបន្ទាប់ពីព្រះអម្ចាស់ប្រោសប្រទានឲ្យស្ដេចបានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី
2. ស្ដេចក៏មានរាជឱង្ការទៅកាន់ព្យាការីណាថានថា៖ «សូមលោកគិតមើល ខ្ញុំរស់នៅក្នុងដំណាក់ធ្វើអំពីឈើដ៏មានតម្លៃ រីឯហិបនៃព្រះជាម្ចាស់ស្ថិតនៅក្នុងព្រះពន្លាធ្វើអំពីក្រណាត់សំពត់!»។
3. ព្យាការីណាថានទូលស្ដេចវិញថា៖ «ការអ្វីដែលព្រះករុណាសព្វព្រះហឫទ័យធ្វើ សូមធ្វើចុះ ដ្បិតព្រះអម្ចាស់គង់នៅជាមួយព្រះករុណាហើយ»។
4. ប៉ុន្តែ នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណាថានថា៖
5. «ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “មិនមែនអ្នកទេដែលត្រូវសង់ដំណាក់ឲ្យយើងនៅ”។
6. តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ។ ផ្ទុយទៅវិញ យើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដោយស្នាក់នៅតែក្នុងជំរំ និងព្រះពន្លា។
7. គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រាអែលទាំងមូល យើងមិនដែលបង្គាប់មេដឹកនាំកុលសម្ព័ន្ធអ៊ីស្រាអែលណាម្នាក់ ឲ្យសង់ដំណាក់ពីឈើដ៏មានតម្លៃ សម្រាប់យើងទេ។
8. ហេតុនេះ ត្រូវប្រាប់ដាវីឌ ជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់មានព្រះបន្ទូលដូចតទៅ: “កាលអ្នកនៅជាគង្វាលចៀមនៅឡើយ យើងបានយកអ្នកចេញពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។
9. យើងស្ថិតនៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ យើងបានកំចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក។ យើងបានធ្វើឲ្យអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចអ្នកធំទាំងឡាយនៅលើផែនដី។