គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 6:6-17 Khmer Standard Version (KHSV)

6. កាល​មក​ដល់​លាន​ស្រូវ​របស់​លោក​ណាកុន លោក​អ៊ូសា​លើក​ដៃ​ទៅ​ទប់​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​គោ​បាន​ធ្វើ​ឲ្យ​ហិប​នោះ​ផ្អៀង​ចង់​ធ្លាក់។

7. ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​លោក​អ៊ូសា ហើយ​ព្រះ‌អង្គ​ប្រហារ​លោក​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ព្រោះ​តែ​ខ្វះ​ការ​គោរព។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ក្បែរ​ហិប​របស់​ព្រះ‌ជាម្ចាស់។

8. ព្រះ‌បាទ​ដាវីឌ​រំជួល​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ដោយ​ឃើញ​ព្រះ‌អម្ចាស់​វាយ​ប្រហារ​លោក​អ៊ូសា​ឲ្យ​ស្លាប់​មួយ​រំពេច​ដូច្នេះ។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ពេរេស-‌អ៊ូសា» រហូត​ដល់​សព្វ​ថ្ងៃ។

9. នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ដាវីឌ​ភ័យ​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​មិន​ហ៊ាន​យក​ហិប​នៃ​ព្រះ‌អម្ចាស់​ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​ទេ!»។

10. ដូច្នេះ ស្ដេច​មិន​ចង់​យក​ហិប​របស់​ព្រះ‌អម្ចាស់ ចូល​ទៅ​ក្នុង​ដំណាក់ នៅ​បុរី​របស់​ព្រះ‌បាទ​ដាវីឌ តែ​ទ្រង់​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក​នៅ​ផ្ទះ​លោក​អូបេដ‌អេដុម ជា​អ្នក​ស្រុក​កាថ។

11. ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេដ‌អេដុម ជា​អ្នក​ស្រុក​កាថ​ចំនួន​បី​ខែ។ ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​លោក​អូបេដ‌អេដុម និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល។

12. មាន​គេ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​លោក​អូបេដ‌អេដុម ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន ដោយ‌សារ​តែ​ហិប​របស់​ព្រះ‌ជាម្ចាស់»។ ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​ផ្ទះ​លោក​អូបេដ‌អេដុម ដើម្បី​នាំ​យក​ហិប​ចូល​មក​បុរី​របស់​ព្រះ‌បាទ​ដាវីឌ ដោយ​មាន​ក្បួន​ដង្ហែ​យ៉ាង​សប្បាយ​រីក‌រាយ​ផង។

13. នៅ​ពេល​ពួក​អ្នក​សែង​ហិប​របស់​ព្រះ‌អម្ចាស់ ដើរ​បាន​ប្រាំ​មួយ​ជំហាន ព្រះ‌បាទ​ដាវីឌ​យក​គោ​ឈ្មោល​មួយ និង​កូន​គោ​ធាត់​មួយ មក​ថ្វាយ​ជា​យញ្ញ‌បូជា។

14. ព្រះ‌បាទ​ដាវីឌ​រាំ លោត​កព្ឆោង​ថ្វាយ​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​កម្លាំង​កាយ ដោយ​ស្លៀក​តែ​អេផូដ* ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​ប៉ុណ្ណោះ។

15. ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ឡើង​មក​ក្រុង​យេរូ‌សាឡឹម ពួក​គេ​ស្រែក​ជយ‌ឃោស និង​ផ្លុំ​ត្រែ​យ៉ាង​រំពង។

16. ពេល​ហិប​របស់​ព្រះ‌អម្ចាស់​ចូល​មក​ដល់​បុរី​ព្រះ‌បាទ​ដាវីឌ ព្រះ‌នាង​មិកាល់ ជា​បុត្រី​ព្រះ‌បាទ​សូល អើត​តាម​បង្អួច ឃើញ​ព្រះ‌បាទ​ដាវីឌ​រាំ​លោត​កព្ឆោង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់ ព្រះ‌នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ព្រះ‌បាទ​ដាវីឌ។

17. កាល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​ដល់​ហើយ គេ​តម្កល់​នៅ​ក្នុង​ព្រះ‌ពន្លា ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក។ ព្រះ‌បាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 6