1. ព្រះបាទដាវីឌប្រមូលពលទាហានដ៏ចំណានទាំងប៉ុន្មាននៃកងទ័ពអ៊ីស្រាអែល ចំនួនប្រមាណបីម៉ឺននាក់សាជាថ្មី។
2. ព្រះបាទដាវីឌ និងពលទាហានដែលនៅជាមួយ ក្រោកឡើង ចេញដំណើរទៅដង្ហែហិបរបស់ព្រះជាម្ចាស់ពីក្រុងបាលេ ក្នុងស្រុកយូដា។ ហិបនេះឧទ្ទិសដល់ព្រះនាមព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅកណ្ដាលពួកចេរូប៊ីន*។
3. គេបានដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដឹកចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ លោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាកូនរបស់លោកអប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
4. គេដឹកហិបចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ ដង្ហែមក ដោយមានលោកអហ៊ីយ៉ូដើរនៅខាងមុខ។
5. ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងមូល សប្បាយរីករាយយ៉ាងខ្លាំង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គេនាំគ្នារាំតាមចង្វាក់ឧបករណ៍តន្ត្រីគ្រប់ប្រភេទ ដែលធ្វើអំពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឃ្មោះ និងឈិង។