គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 6:1-10 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​ដាវីឌ​ប្រមូល​ពល​ទាហាន​ដ៏​ចំណាន​ទាំង​ប៉ុន្មាន​នៃ​កង‌ទ័ព​អ៊ីស្រា‌អែល ចំនួន​ប្រមាណ​បី​ម៉ឺន​នាក់​សា​ជា​ថ្មី។

2. ព្រះ‌បាទ​ដាវីឌ និង​ពល​ទាហាន​ដែល​នៅ​ជា​មួយ ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ដង្ហែ​ហិប​របស់​ព្រះ‌ជាម្ចាស់​ពី​ក្រុង​បា‌លេ ក្នុង​ស្រុក​យូដា។ ហិប​នេះ​ឧទ្ទិស​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​គង់​នៅ​កណ្ដាល​ពួក​ចេរូប៊ីន*។

3. គេ​បាន​ដាក់​ហិប​របស់​ព្រះ‌ជាម្ចាស់​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដឹក​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ លោក​អ៊ូសា និង​លោក​អហ៊ី‌យ៉ូ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។

4. គេ​ដឹក​ហិប​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ ដង្ហែ​មក ដោយ​មាន​លោក​អហ៊ី‌យ៉ូ​ដើរ​នៅ​ខាង​មុខ។

5. ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល សប្បាយ​រីក‌រាយ​យ៉ាង​ខ្លាំង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ឧបករណ៍​តន្ត្រី​គ្រប់​ប្រភេទ ដែល​ធ្វើ​អំពី​ឈើ​ខ្លឹម ព្រម​ទាំង​ពិណ ឃឹម ស្គរ ឃ្មោះ និង​ឈិង។

6. កាល​មក​ដល់​លាន​ស្រូវ​របស់​លោក​ណាកុន លោក​អ៊ូសា​លើក​ដៃ​ទៅ​ទប់​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​គោ​បាន​ធ្វើ​ឲ្យ​ហិប​នោះ​ផ្អៀង​ចង់​ធ្លាក់។

7. ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​លោក​អ៊ូសា ហើយ​ព្រះ‌អង្គ​ប្រហារ​លោក​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ព្រោះ​តែ​ខ្វះ​ការ​គោរព។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ក្បែរ​ហិប​របស់​ព្រះ‌ជាម្ចាស់។

8. ព្រះ‌បាទ​ដាវីឌ​រំជួល​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ដោយ​ឃើញ​ព្រះ‌អម្ចាស់​វាយ​ប្រហារ​លោក​អ៊ូសា​ឲ្យ​ស្លាប់​មួយ​រំពេច​ដូច្នេះ។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ពេរេស-‌អ៊ូសា» រហូត​ដល់​សព្វ​ថ្ងៃ។

9. នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ដាវីឌ​ភ័យ​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​មិន​ហ៊ាន​យក​ហិប​នៃ​ព្រះ‌អម្ចាស់​ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​ទេ!»។

10. ដូច្នេះ ស្ដេច​មិន​ចង់​យក​ហិប​របស់​ព្រះ‌អម្ចាស់ ចូល​ទៅ​ក្នុង​ដំណាក់ នៅ​បុរី​របស់​ព្រះ‌បាទ​ដាវីឌ តែ​ទ្រង់​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក​នៅ​ផ្ទះ​លោក​អូបេដ‌អេដុម ជា​អ្នក​ស្រុក​កាថ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 6