8. នៅថ្ងៃនោះ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ប្រសិនបើអ្នកណាម្នាក់ចង់វាយពួកយេប៊ូស ត្រូវឡើងតាមប្រឡាយទឹក នោះនឹងទៅដល់ពួកខ្វិន និងពួកខ្វាក់ ដែលដាវីឌស្អប់នោះមិនខាន!»។ ហេតុនេះហើយបានជាមានពាក្យថា៖ «អ្នកខ្វាក់ អ្នកខ្វិន គ្មានសិទ្ធិចូលក្នុងព្រះដំណាក់ទេ!»។
9. ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយ ដែលស្ដេចហៅថា «បុរីព្រះបាទដាវីឌ»។ បន្ទាប់មក ស្ដេចពង្រីកទីក្រុងចាប់តាំងពីមីឡូ រហូតដល់ដំណាក់របស់ស្ដេច។
10. ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល គង់នៅជាមួយ។
11. ព្រះបាទហ៊ីរ៉ាម ជាស្ដេចនៅក្រុងទីរ៉ុស ចាត់អ្នកនាំសារឲ្យចូលមកគាល់ព្រះបាទដាវីឌ ដោយនាំឈើតាត្រៅ ជាងសំណង់ ជាងដាប់ថ្មមកជាមួយផង ដើម្បីសង់ដំណាក់មួយថ្វាយព្រះបាទដាវីឌ។
12. ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះអម្ចាស់តែងតាំងស្ដេចឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ហើយព្រះអង្គក៏ប្រោសប្រទានឲ្យរាជសម្បត្តិរបស់ស្ដេចបានចម្រុងចម្រើនឡើង ព្រោះតែអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គដែរ។
13. ក្រោយបានចាកចេញពីក្រុងហេប្រូនមកគង់នៅក្រុងយេរូសាឡឹម ព្រះបាទដាវីឌមានស្នំឯក និងមហេសីផ្សេងៗទៀត ដែលប្រសូតបានបុត្រាបុត្រីជាច្រើនថ្វាយស្ដេច។
14. នេះជាបញ្ជីរាយនាមបុត្ររបស់ស្ដេច ដែលប្រសូតនៅក្រុងយេរូសាឡឹម គឺសាំមួរ សូបាប់ ណាថាន សាឡូម៉ូន