គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 5:3-18 Khmer Standard Version (KHSV)

3. ដូច្នេះ ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​មក​គាល់​ព្រះ‌រាជា នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រឹទ្ធា‌ចារ្យ​ទាំង​នោះ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​ក្រុង​ហេប្រូន រួច​ហើយ​ពួក​គេ​ចាក់​ប្រេង​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

4. នៅ​ពេល​ឡើង​គ្រង​រាជ្យ ព្រះ‌បាទ​ដាវីឌ​មាន​ព្រះ‌ជន្មាយុ​សាម‌សិប​វស្សា ហើយ​សោយ​រាជ្យ​បាន​សែ‌សិប​ឆ្នាំ។

5. នៅ​ក្រុង​ហេប្រូន ទ្រង់​សោយ​រាជ្យ​លើ​ស្រុក​យូដា​បាន​ប្រាំ‌ពីរ​ឆ្នាំ​កន្លះ បន្ទាប់​មក នៅ​ក្រុង​យេរូ‌សាឡឹម ទ្រង់​សោយ​រាជ្យ​បាន​សាម‌សិប​បី​ឆ្នាំ​លើ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។

6. ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​កង‌ទ័ព​នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម។ ជន‌ជាតិ​យេ‌ប៊ូស​ដែល​រស់​នៅ​តំបន់​នោះ និយាយ​ប្រមាថ​ព្រះ‌បាទ​ដាវីឌ​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ទីក្រុង​របស់​យើង​មិន​បាន​ទេ ទោះ​បី​មនុស្ស​ខ្វាក់ ឬ​មនុស្ស​ខ្វិន ក៏​អាច​រុញ​ច្រាន​អ្នក​ឲ្យ​ថយ​ក្រោយ​វិញ​ដែរ»។ គេ​ពោល​ដូច្នេះ មក​ពី​គេ​គិត​ថា ព្រះ‌បាទ​ដាវីឌ​មិន​អាច​ដណ្ដើម​យក​ទីក្រុង​ឡើយ។

7. ព្រះ‌បាទ​ដាវីឌ​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ី‌យ៉ូន ដែល​ក្រោយ​មក​ហៅ​ថា “បុរី​ព្រះ‌បាទ​ដាវីឌ”។

8. នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​ចង់​វាយ​ពួក​យេ‌ប៊ូស ត្រូវ​ឡើង​តាម​ប្រឡាយ​ទឹក នោះ​នឹង​ទៅ​ដល់​ពួក​ខ្វិន និង​ពួក​ខ្វាក់ ដែល​ដាវីឌ​ស្អប់​នោះ​មិន​ខាន!»។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ថា៖ «អ្នក​ខ្វាក់ អ្នក​ខ្វិន គ្មាន​សិទ្ធិ​ចូល​ក្នុង​ព្រះ‌ដំណាក់​ទេ!»។

9. ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​បន្ទាយ ដែល​ស្ដេច​ហៅ​ថា «បុរី​ព្រះ‌បាទ​ដាវីឌ»។ បន្ទាប់​មក ស្ដេច​ពង្រីក​ទីក្រុង​ចាប់​តាំង​ពី​មីឡូ រហូត​ដល់​ដំណាក់​របស់​ស្ដេច។

10. ព្រះ‌បាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល គង់​នៅ​ជា​មួយ។

11. ព្រះ‌បាទ​ហ៊ី‌រ៉ាម ជា​ស្ដេច​នៅ​ក្រុង​ទីរ៉ុស ចាត់​អ្នក​នាំ​សារ​ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ដោយ​នាំ​ឈើ​តា‌ត្រៅ ជាង​សំណង់ ជាង​ដាប់​ថ្ម​មក​ជា​មួយ​ផង ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។

12. ព្រះ‌បាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌អម្ចាស់​តែង‌តាំង​ស្ដេច​ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​ស្ដេច​បាន​ចម្រុង‌ចម្រើន​ឡើង ព្រោះ​តែ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែរ។

13. ក្រោយ​បាន​ចាក​ចេញ​ពី​ក្រុង​ហេប្រូន​មក​គង់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌បាទ​ដាវីឌ​មាន​ស្នំ​ឯក និង​មហេសី​ផ្សេងៗ​ទៀត ដែល​ប្រសូត​បាន​បុត្រា​បុត្រី​ជា​ច្រើន​ថ្វាយ​ស្ដេច។

14. នេះ​ជា​បញ្ជី​រាយ​នាម​បុត្រ​របស់​ស្ដេច ដែល​ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​សាំមួរ សូបាប់ ណាថាន សាឡូម៉ូន

15. យីប‌ហារ អេលី‌សួ នេផេក យ៉ាភា

16. អេលី‌សាម៉ា អេលា‌ដា និង​អេលី‌ផាលេត។

17. កាល​ជន‌ជាតិ​ភីលីស្ទីន​ឮ​ថា ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច នោះ​ពួក​គេ​លើក​ទ័ព​ទាំង​អស់​មក​តាម​ចាប់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្ដេច​យាង​ទៅ​ជ្រក​ក្នុង​ជម្រក​មួយ។

18. ជន‌ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​បោះ​ទ័ព​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 5