15. យីបហារ អេលីសួ នេផេក យ៉ាភា
16. អេលីសាម៉ា អេលាដា និងអេលីផាលេត។
17. កាលជនជាតិភីលីស្ទីនឮថា ជនជាតិអ៊ីស្រាអែលបានអភិសេកព្រះបាទដាវីឌជាស្ដេច នោះពួកគេលើកទ័ពទាំងអស់មកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្ដេចយាងទៅជ្រកក្នុងជម្រកមួយ។
18. ជនជាតិភីលីស្ទីនមកដល់ ហើយបោះទ័ពក្នុងជ្រលងភ្នំរេផែម។
19. ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅច្បាំងនឹងជនជាតិភីលីស្ទីនឬទេ? តើព្រះអង្គប្រ គល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំដែរឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទៅចុះ យើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកជាមិនខាន!»។
20. ព្រះបាទដាវីឌក៏យាងទៅដល់បាល-ពេរ៉ាស៊ីម ហើយវាយឈ្នះពួកភីលីស្ទីននៅទីនោះ។ បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ព្រះអម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ពនៅចំពោះមុខខ្ញុំ ដូចទឹកបាក់ទំនប់»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា បាល-ពេរ៉ាស៊ីម។
21. ពេលបាក់ទ័ពរត់ទៅ កងទ័ពភីលីស្ទីនបានបោះបង់ចោលរូបព្រះរបស់គេ នៅនឹងកន្លែង។ ព្រះបាទដាវីឌ និងពលទាហានបានប្រមូលយករូបព្រះទាំងនោះ។
22. ជនជាតិភីលីស្ទីននាំគ្នាមកបោះទ័ពនៅក្នុងជ្រលងភ្នំរេផែមសាជាថ្មី។
23. ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ ហើយព្រះអង្គមានព្រះបន្ទូលមកស្ដេចវិញថា៖ «កុំវាយគេចំពីមុខឡើយ! ចូរដើរវាងទៅពីក្រោយ ហើយវាយពួកគេពីម្ដុំដើមមននោះមកវិញ។
24. កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរប្រញាប់ប្រញាល់ចេញទៅ ដ្បិតគឺពេលនោះហើយ ដែលយើងជាព្រះអម្ចាស់នាំមុខអ្នកវាយលុកទីតាំងទ័ពភីលីស្ទីន»។
25. ព្រះបាទដាវីឌធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ ទ្រង់វាយឈ្នះពួកភីលីស្ទីន ហើយដេញតាមពួកគេចាប់តាំងពីក្រុងកេបា រហូតដល់ក្រុងកេស៊ើរ។