គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 5:13-23 Khmer Standard Version (KHSV)

13. ក្រោយ​បាន​ចាក​ចេញ​ពី​ក្រុង​ហេប្រូន​មក​គង់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌បាទ​ដាវីឌ​មាន​ស្នំ​ឯក និង​មហេសី​ផ្សេងៗ​ទៀត ដែល​ប្រសូត​បាន​បុត្រា​បុត្រី​ជា​ច្រើន​ថ្វាយ​ស្ដេច។

14. នេះ​ជា​បញ្ជី​រាយ​នាម​បុត្រ​របស់​ស្ដេច ដែល​ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​សាំមួរ សូបាប់ ណាថាន សាឡូម៉ូន

15. យីប‌ហារ អេលី‌សួ នេផេក យ៉ាភា

16. អេលី‌សាម៉ា អេលា‌ដា និង​អេលី‌ផាលេត។

17. កាល​ជន‌ជាតិ​ភីលីស្ទីន​ឮ​ថា ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច នោះ​ពួក​គេ​លើក​ទ័ព​ទាំង​អស់​មក​តាម​ចាប់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្ដេច​យាង​ទៅ​ជ្រក​ក្នុង​ជម្រក​មួយ។

18. ជន‌ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​បោះ​ទ័ព​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម។

19. ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះ‌អង្គ​ប្រ គល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ​ដែរ​ឬ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ជា​មិន​ខាន!»។

20. ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​ដល់​បាល-‌ពេរ៉ា‌ស៊ីម ហើយ​វាយ​ឈ្នះ​ពួក​ភីលីស្ទីន​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព​នៅ​ចំពោះ​មុខ​ខ្ញុំ ដូច​ទឹក​បាក់​ទំនប់»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា បាល-‌ពេរ៉ា‌ស៊ីម។

21. ពេល​បាក់​ទ័ព​រត់​ទៅ កង‌ទ័ព​ភីលីស្ទីន​បាន​បោះ​បង់​ចោល​រូប​ព្រះ​របស់​គេ នៅ​នឹង​កន្លែង។ ព្រះ‌បាទ​ដាវីឌ និង​ពល​ទាហាន​បាន​ប្រមូល​យក​រូប​ព្រះ​ទាំង​នោះ។

22. ជន‌ជាតិ​ភីលីស្ទីន​នាំ​គ្នា​មក​បោះ​ទ័ព​នៅ​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម​សា​ជា​ថ្មី។

23. ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​វាយ​គេ​ចំ​ពី​មុខ​ឡើយ! ចូរ​ដើរ​វាង​ទៅ​ពី​ក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​មក​វិញ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 5